អនុប្រធាននៃរដ្ឋាភិបាលរបស់តំបន់ស្វយ័តនៃខេត្ត Guangxi Zhaung របស់ចិន បានបញ្ជាក់ថា បើគិតត្រឹមឆ្នាំ២០១៧ ការនាំចេញពីខេត្ត GuangXi Zhaung នៃប្រទេសចិន មកកម្ពុជា មានប្រមាណ ៦៩,៣ លានដុល្លារអាមេរិក ហើយមានសហគ្រាសធំៗចំនួន២៨ បានមកវិនិយោគនៅប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១ប៊ីលានដុល្លារអាមេរិក។ (សេង បារាំង)
ក្នុងជំនួបពិភាក្សាការងារជាមួយលោកជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអនុប្រធាននៃរដ្ឋាភិបាលរបស់តំបន់ស្វយ័តនៃខេត្ត Guangxi Zhaung របស់ចិន បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការវិនិយោគរបស់វិនិយោគិនចិននៅប្រទេសកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងទំហំនិងប្រតិបត្តិការផងដែរ។
អនុប្រធាននៃរដ្ឋាភិបាលរបស់តំបន់ស្វយ័តនៃខេត្ត Guangxi Zhaung របស់ចិនរូបនេះ បានបញ្ជាក់ថា បើគិតត្រឹមឆ្នាំ២០១៧ ការនាំចេញពីខេត្ត GuangXi Zhaung មកកម្ពុជា មានប្រមាណ ៦៩,៣ លានដុល្លារអាមេរិក ហើយមានសហគ្រាសធំៗចំនួន២៨ បានមកវិនិយោគនៅប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១ប៊ីលានដុល្លារអាមេរិក។ រីឯប្រតិបត្តិការឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ៉ន់ ក៏មានការអភិវឌ្ឍរីកចម្រើនផងដែរ បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការដោះដូរប្រាក់រៀល និងប្រាក់យ៉ន់ ក្នុងទីផ្សារអន្តរធនាគារនៅតំបន់ស្វយ័ត Guangxi Zhaung ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងជំនួបនេះ លោក Ding Xiangqun បានសំណូមពរបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ-ផ្លូវមួយរបស់ចិន ហើយគណៈប្រតិភូនៃតំបន់ស្វយ័តនៃខេត្ត Guangxi Zhaung ប្រទេសចិនមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងខេត្ត Guangxi Zhaung នៃសាធារណរដ្ឋប្រជាមានិតចិន៕