កម្ពុជា​ស្នើ​ចិន ជួយ​កៀរគរ​ទេសចរ​និង​វិនិយោគ​ចិន​មក​កម្ពុជា​បន្ថែម​

30-08-2018 12:19 pm 1204
  ស្តាប់
(រូបភាពឯកសារ) ភ្ញៀវទេសចរចិន ចូលមកទស្សនាតំបន់អង្គរនាពេលកន្លងមក ។
ស្តាប់ជាសំឡេង

​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​សំណូមពរ​ដល់​គណៈប្រតិភូ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ប្រចាំ​ខេត្ត​ឡៅ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឱ្យជួយ​ផ្សព្វផ្សាយ​អំពី​ការវិនិយោគ និង​ទេសចរណ៍​ដល់​ប្រជាជន និង​អ្នកវិនិយោគ​ចិន មក​វិនិយោគ និង​ទេសចរ​នៅ​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន និង​ជួយ​រក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​ប្រទេស​កម្ពុជា​នៅ​ប្រទេស​ចិន ។​

​សំណូមពរ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​សម្តែង​ការគួរសម​រវាង​លោក ទេព ង​ន និង​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​លោក LI Xiaoan អនុប្រធាន​គណៈកម្មាធិកា​រ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ប្រចាំ​ខេត្ត​ឡៅ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នា​វិមាន​ព្រឹទ្ធសភា ។​

​តប​នឹង​សំណើ​នេះ លោក LI Xiaoan បាន​សន្យាថា​នឹង​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​ផលិតផល​កសិកម្ម​ដល់​ប្រជាជន​ចិន ដើម្បី​ឱ្យ​ពួកគេ​មក​ទេសចរ និង​វិនិយោគ​ឱ្យបាន​កាន់តែ​ច្រើន​នៅ​កម្ពុជា ។​

​ជាមួយគ្នានេះ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ចិន​នេះ នឹង​នាំមក​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជន រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ ពិសេស​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ជាមួយ​នឹង​ព្រឹទ្ធសភា​កម្ពុជា ។ កម្ពុជា​បាន​ចាត់ទុក​ប្រជាជន​ចិន និង​ប្រទេស​ចិន ជា​អ្នក​ជិតខាង​ល្អ មិត្ត​ល្អ បងប្អូន​ល្អ និង​ជា​ដៃគូ​ល្អ ។​

​បើ​តាម​ការបញ្ជាក់ ពី​លោក ទេព ង​ន បាន​អះអាង​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ បាន​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក្នុង​គោលដៅ​ឆ្នាំ​២០២០ នឹង​បង្កើន​ឱ្យដល់​៦​ប៊ី​លាន​ដុល្លារ​អាមេរិក ៕

ព័ត៌មានផ្សេងទៀត