លោក​ហ៊ុន​សែន​ប្រកាស​ស្វាគមន៍​បក្ស​ចំនួន​២​ដែល​បាន​បង្ហាញ​ជំហរ​គាំទ្រ​ឧត្តមក្រុមប្រឹក្សា​

29-08-2018 5:05 pm 2553

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​ស្វាគមន៍​គណបក្ស​ចំនួន​ពីរ ដែល​បាន​ថ្លែង​ក្នុង​សារព័ត៌មាន​អំពី​ជំហរ​គាំទ្រ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។ យ៉ាងណាក៏ដោយ លោក​អះអាង​ថា គណបក្ស​ពីរ​នេះ មិន​ត្រូវ​ប្រើប្រាស់​សារព័ត៌មាន​បង្ហាញ​ពី​គោលបំណង​ឡើយ ដោយ​លោក​ទាមទារ​ឱ្យ​គណបក្ស​នេះ ត្រូវ​តែ​ប្រើប្រាស់​លិខិត​រដ្ឋបាល​ឱ្យបាន​ត្រឹមត្រូវ និង​ស្នើសុំ​ទៅ​នាយក​រដ្ឋមន្ត្រី ។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​រោងចក្រ​ផ្លូវវេង​ស្រេង នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ។

​សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ៖

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា បញ្ជាក់ថា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មាតុភូមិ​យើង បាន​អះអាង​ដោយ​បង្ហាញ​ជំហរ​គាំទ្រ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ តែ​នៅ​មិនទាន់​ទទួល​បាន​ការអនុម័ត ពី​មន្ត្រី​ក្នុង​គណបក្ស​របស់​ក្រុម​ខ្លួន​នៅឡើយ ។

​គណបក្ស​ទាំងពីរ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា មិន​មាន​បំណង​ចង់​យក​មុខតំណែង តួនាទី ឋានៈឡើយ ក្រៅពី​អាចជួយ​ប្រជាពលរដ្ឋ​បាន និង​ចំណេញ​ដល់​ប្រជាពលរដ្ឋ ។​

​គូសបញ្ជាក់ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​សមាសភាព​ចម្រុះ​សម្រាប់​តាមដាន​ភាព​ចន្លោះ​ប្រហោង​នៃ​ការអនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ត្រូវបាន​បង្កើតឡើង​ដោយ​គណបក្សកាន់អំណាច ដោយ​មាន​ការចូលរួម​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៥ កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ។

​ដោយឡែក គណបក្សនយោបាយ​ចំនួន​៤ បាន​បញ្ជូន​លិខិត​តប​បដិសេធ​មិន​ចូលរួម ដែល​ក្នុងនោះ​រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​មាតុភូមិ​យើង ៕

ព័ត៌មានផ្សេងទៀត