លោក​​ស៊ុន ចាន់ថុល​ ស្នើ​​អង្គ​កា​រ JICA​ ជប៉ុន​ ផ្តល់​​ការ​គាំ​ទ្រ​​លើ​​ការ​អនុវត្ត​​គម្រោង​​

28-08-2018 2:56 pm 929
  ស្តាប់
រូបភាពពីក្រសួងសាធារណការ៖ លោកស៊ុន ចាន់ថុល និងមន្រ្តីអង្គការJICA
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងា​របេស​ក​កម្ម​អង្គការ JICA ជប៉ុន ស្តីអំពី​ប្រព័ន្ធ​កំពង់ផែ EDI លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​អង្គការ JICA ផ្តល់​ការគាំទ្រ​លើ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការកកស្ទះ​ចរាចរណ៍ (​ចំណុច​កដប​) នៅ​ផ្លូវជាតិ​លេខ​១ ដោយ​ការពង្រីក​ផ្លូវ​ក្នុង​តំបន់​សំខាន់ៗ​មួយចំនួន ព្រមទាំង​ផ្តល់​ការគាំទ្រ​សម្រាប់​គម្រោង​ស្ពាន​អាកាស​នៅ​តំបន់​ស្ទឹង​បត់​ដើម្បី​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ​៥​។ ទាក់ទង​នឹង​សំណើ​នេះ អង្គការ JICA ជប៉ុន ថា​នឹង​ផ្ដល់ព័ត៌មាន​នៅពេល​ក្រោយ ដល់​លោក​ស៊ុន ចាន់ថុល ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមការងា​របេស​ក​កម្ម​អង្គការ JICA ជប៉ុន លោក​បណ្ឌិត Masahiko FURUICHI ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​របស់​អង្គការ JICA ពិភាក្សា​ស្តីអំពី​វឌ្ឍនភាព និង​ផែនការ​សម្រាប់​គម្រោង "​ស្ទង់​មតិ​លើ​ប្លង់​រចនា​គោល​ទាក់ទង​នឹង កិច្ចព្រមព្រៀង​ជំនួយឥតសំណង សម្រាប់​ប្រព័ន្ធ​កំពង់ផែ EDI" ដែល​គាំទ្រ​ដោយ​អង្គការ JICA​។ 

​ក្នុងជំនួប​ពិភាក្សា​នេះ លោក​បណ្ឌិត Masahiko FURUICHI ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​របស់​អង្គការ JICA  បានផ្តល់​អនុសាសន៍​ដល់​លោក​ស៊ុន ចាន់ថុល ថា គម្រោង​ប្រព័ន្ធ​កំពង់ផែ EDI (​មានតម្លៃ​១៤​លាន​ដុល្លារ​អាមេរិក​) នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ខែមេសា ឆ្នាំ​២០២១ ខាងមុខ ហើយ​ការសិក្សា​លើ​របាយការណ៍​ចុងក្រោយ នឹងត្រូវ​រៀបចំឡើង​ដោយមាន​ធាតុ​ចូល​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អង្គការ JICA និង​ភាគី​ពាក់ព័ន្ធ​នានា​ផងដែរ​។​

​យ៉ាងណា​ក្រោយពី​ស្ដាប់​ការលើកឡើង​ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​របស់​អង្គការ JICA លោក​ស៊ុន ចាន់ថុល បាន​អរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​របស់​អង្គការ JICA លើ​គំនិត​ផ្តួចផ្តើម​ស្តីពី​ប្រព័ន្ធ​កំពង់ផែ EDI នេះ ហើយ​លោក​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​បេសកកម្ម​ស​ហ​ការ​ថែមទៀត ជាមួយ​ក្រសួង កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ភ្នាក់ងារ​នាវាចរ​កម្ពុ​ជា (​កាំសាប​) អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​។ 

​លោក​ស៊ុន ចាន់ថុល ក៏បាន​សំណូមពរ​បន្ថែម​ឱ្យ​ក្រុមការងារ​បេសកកម្មរ​បស់​អង្គការ JICA សម្របសម្រួល​ការងារ​របស់ខ្លួន​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​របស់​ក្រសួង ដើម្បី​ផ្តល់​ធាតុ​ចូល​បន្ថែមទៀត ដោយ​ធានាថា គម្រោង​នេះ​នឹង​នៅតែ​ដំណើរការ​តាម​ការគ្រោងទុក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត