កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបង្ក្រាបទីតាំងផលិត កែច្នៃ វេចខ្ចប់ ចែកចាយ និងស្តុកគ្រឿងសម្អាងខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងដកហូតផលិតផលក្លែងក្លាយចំនួន៤,៥តោន នៅថ្ងៃទី២៧ ខែសីហា ។
ផលិតផលក្លែងក្លាយដែលដកហូតទាំងនោះរួមមាន ឡេ, ក្រែម, សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀត សរុបចំនួន១៧មុខ, ម៉ាស៊ីនលាយ, ម៉ាស៊ីនច្រក, ម៉ាស៊ីនអ៊ុត, ម៉ាស៊ីនកាត់ និងបាញ់ខ្យល់ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។
ក្រោយត្រួតពិនិត្យ តាមការសម្រេចរបស់ព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចបានដកហូត រក្សាវត្ថុតាង ដោយរៀបចំបិទទីតាំងកើតហេតុខាងលើ និងបញ្ជូនជនសង្ស័យជាម្ចាស់ទីតាំងឈ្មោះ ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ៕