ឃាត់ខ្លួន​ជន​ជាតិចិន​៣​នាក់​នៅ​ក្រុងព្រះសីហនុ​ពី​បទ​ជួញដូរ​គ្រឿងញៀន

28-08-2018 10:38 am 2660

​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​៣​នាក់ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២​ករណី​ផ្សេង​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ។

​ករណី​ទី​១. សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ស្រី​១​នាក់ ក្រោយ​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន នៅក្នុង​រថយន្ត​របស់​ពួកគេ ។ វត្ថុតាង​ដកហូត​បាន​រួម​មាន ម្រៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤៣​កញ្ចប់ (១​កញ្ចប់​ធំ និង​៤២​កញ្ចប់​តូច​), បំពង់​សឺ​រាំង​ពណ៌​ក្រហម​ចំនួន​១៤, ទូរ​សព្ទ​មួយគ្រឿង និង​រថយន្ត​១​គ្រឿង​ម៉ាក LEXUS 330 ។​

​ករណី​ទី​២. សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ភេទ​ប្រុស​ម្នាក់ មុខរបរ​ជា​អ្នករកស៊ី ក្រោយ​បាន​ឆែកឆេរ​រថយន្ត រកឃើញ និង​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​តូច​, កាហ្វេ​ចំនួន​២​កញ្ចប់ ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​, ជញ្ជីង​ថ្លឹង​ចំនួន​១ និង​ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ព័ត៌មានផ្សេងទៀត