ឃាត់ខ្លួនជនជាតិចិនម្នាក់និងរឹបអូសគ្រឿងសំអាងក្លែងក្លាយ៥តោន

26-08-2018 8:59 am 5584
  ស្តាប់
ស្តាប់ជាសំឡេង

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីពាក់ព័ន្ធ បានសម្រេចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងរឹបអូសបាន ផលិតផលក្លែងក្លាយចំនួន៥តោន ក្រោយចុះឆែកឆេរទីតាំងផលិត និងកែច្នៃគ្រឿងសំអាងមួយកន្លែង នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា...

ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ានធឿន បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ ទីតាំងឃ្លាំងផលិតគ្រឿងសំអាងក្លែងក្លាយ ដែលគ្មានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងផលិតផលសម្ភារៈវត្ថុធាតុដើមសម្រាប់ផលិតចំនួន៥តោន រួមមាន សាប៊ូ ឡេ ទឹកអប់ ក្រេម ម្សៅលាបមុខ និងវត្ថុធាតុដើមសម្រាប់កែច្នៃមួយចំនួនទៀត ។

លោកបន្តថា ក្រោយត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានសម្រេចដកហូតផលិតផលគ្រឿងសំអាងខុសច្បាប់ខាងលើ និងបាននាំខ្លួនម្ចាស់ទីតាំង ឈ្មោះ Zou ZhiQang ជនជាតិចិន ភេទប្រុស អាយុ៤៤ឆ្នាំ មកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីច្បាប់ជាធរមាន ។

មន្រ្តីដដែលបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះប្រតិបត្តិការ ឆែកឆេរផលិតផលក្លែងក្លាយជាច្រើន ដោយបានឃាត់ខ្លួនម្ចាស់ និងរឹបអូសផលិតផលទាំងនោះជាច្រើន ជាបន្តបន្ទាប់ ដើម្បីយកទៅកម្ទេចចោល ។

លោកអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញរកស៊ីខុសច្បាប់ទាំងអស់ ត្រូវបញ្ឈប់ការរកស៊ីខុសច្បាប់ ដោយផលិត និងកែច្នៃផលិតផលរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងត្រូវគិតអំពីសុខភាពអ្នកបរិភោគ-អ្នកប្រើប្រាស់ ពុំដូច្នេះទេ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមច្បាប់ជាធរមាន ៕ 

ព័ត៌មានផ្សេងទៀត