មន្រ្តី៖ អ្នកប្រើប្រាស់គ្រឿងញៀនតាមលំនៅដ្ឋានមានចំនួន ១៨.៥៥៩ នាក់

25-08-2018 10:19 am 1646
  ស្តាប់
អ្នកបន្សាបគ្រឿងញៀន ដែលទទួលបានការព្យាបាលនាពេលកន្លងមក ។ រូបថតពី ប្រជាប្រិយ ។
ស្តាប់ជាសំឡេង

ទន្ទឹមនឹងសភាពការណ៍បទល្មើសគ្រឿងញៀនតាមតំបន់ពុំមានការថយចុះ កម្ពុជានៅតែបន្តទទួលរងនូវឥទ្ធិពលពីការផលិត និងចរាចរគ្រឿងញៀនឆ្លងកាត់ ដែលបានធ្វើឱ្យការរងគ្រោះពីការប្រើប្រាស់ បានរាលដាលទៅដល់ជនបទ ។ នេះបើតាមលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន លើកឡើងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រឆាំងគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២៤ ខែសីហា ។

លោកលើកឡើងថា តាមជំរឿនស្ថិតិអ្នកប្រើប្រាស់គ្រឿងញៀន ដែលស្នាក់នៅតាមលំនៅដ្ឋាន និងកំពុងនៅក្នុងមជ្ឈមណ្ឌលអប់រំស្តារនីតិសម្បទាមានសរុប ១៨.៥៥៩ នាក់ ស្រី៣០១នាក់ ។ 

លោកឡឹក វណ្ណៈ បន្តថា បើទោះបីជាកម្លាំងមានសមត្ថកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការបង្រ្កាបបានយ៉ាងល្អ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ លើកទី២ និងលើកទី៣ ក៏ដោយ ក៏នៅតែមានចន្លោះខ្វះខាត និងជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមន្រ្តីមានសមត្ថកិច្ច ស្វែងរកចំណុចខ្លាំង និងដំណោះស្រាយសម្រាប់អនុវត្ត ក្នុងការងារប្រឆាំងបទល្មើសគ្រឿងញៀនឆមាសទី២ ឆ្នាំ២០១៨ ឱ្យទទួលបានប្រសិទ្ធភាពថែមទៀត ។

មន្រ្តីដដែលបញ្ជាក់ថា កន្លងមក សមត្ថកិច្ចកម្ពុជាបានបង្រ្កាប រឹបអូសការជួញដូរនូវរក្ខជាតិញៀនឈ្មោះ ខាត ដែលនាំចូលពីប្រទេសអេព្យូពី មានទម្ងន់ ៣.២២៧ គីឡូក្រាម ។ អ្វីជាបញ្ហាលេខធ្លោក្នុងឆមាសទី១ ឆ្នាំ២០១៨ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្រ្កាបករណីជួញដូរធំ២ករណី រឹបអូសគ្រឿងញៀនបានចាប់ពី១០គីឡូក្រាមឡើងទៅ ដោយរឹបអូសបានជាង៤៨គីឡូក្រាម ។

ដោយឡែក លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងដោយសង្កត់ធ្ងន់ថា បើសមត្ថកិច្ចបង្រ្កាបបានជនប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀនបានល្អ នោះទីផ្សារគ្រឿងញៀននឹងថយចុះ ដែលកត្តានេះនឹងធ្វើឱ្យមានការថយចុះនូវការពង្រីកទីផ្សាររបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៕

ព័ត៌មានផ្សេងទៀត