អនុ​ប្រធាន​​បក្ស​​សំបុក​​ឃ្មុំ​​សុំ​លាលែង​​ពី​តំណែង ​ព្រោះ​​មិន​ពេញ​ចិត្ត​ជំហរ​​មេបក្ស​​

24-08-2018 11:39 am 2427

​អនុប្រធាន និង ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង គឹម​ស្រឿន បានសម្រេច​ដាក់​លិខិត​សុំលាលែង​ពី​តំណែង​របស់ខ្លួន​។ ការលាលែង​ដោយ​លោក​អះអាងថា មិន​ពេញចិត្ត​ចំពោះ គោលជំហរ​របស់​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​ចូលរួម​បង្កើត «​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង ផ្ដល់យោបល់​»​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ក្រោយពី​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ប្រកាស​គាំទ្រ​ចំពោះ «​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង ផ្ដល់យោបល់​»​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែ​សីហា អនុប្រធាន និង ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង គឹម​ស្រឿន បានប្រកាស​ដាក់​លិខិត​សុំលាលែង​ពី​តំណែង​។​

​យោងតាម​លិខិត​លាលែង​របស់លោក ហ៊ាង គឹម​ស្រឿន ចុះ​បាន​គូសបញ្ជាក់ថា មូលហេតុ​នៃ​ការលាលែង គឺ​ដោយសា​រលោក​មើលឃើញ​ពី "​គោលជំហរ​របស់​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែលជា​អ្នកប្រជាធិបតេយ្យ ហើយ​មិនបាន​គោរព​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស ក្នុង​ការសម្រេចចិត្ត​ចូលរួម​បង្កើត «​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​» ដោយ​អត្តនោម័តិ​"​។ ដូច្នេះ​លោក​មិនអាច​បន្ត​​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​តទៅទៀត​ទេ​។

​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ថ្លែងថា លោក​គោរព​តាម​ការសម្រេចចិត្ត​របស់លោក ហ៊ាង គឹម​ស្រឿន​។​លោក​ពន្យល់ថា ប្រសិនបើ​មានគំនិត​ខុសគ្នា មិនបាច់​ធ្វើការ​ជាមួយគ្នា​ទេ ដើម្បី​កុំឱ្យ​ប្រទូស្ត​រាយ​ជាមួយគ្នា​។ ចំពោះ​ការចូល​សម្រេចចិត្ត ចូលរួម​បង្កើត «​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង ផ្ដល់យោបល់​»​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​បញ្ជាក់ថា ជា​ដំណោះស្រាយ​មួយ​ដែល​ល្អ ដែល​ពីមុន​លោក​មិន​ធ្លាប់​ឃើញ សូម្បីតែ​បក្សប្រឆាំង​ក៏​មិនដែល​ធ្វើ​ដែល​។​

​បើតាម​លោក ម៉ម សូណង់ដូ បាន​លើកឡើងថា លោក ហ៊ាង គឹម​ស្រឿន គឺជា​បុគ្គល​មួយ​ល្អ ដែល​បាន​ចូលរួម​ធ្វើការ​ជាមួយ​គណបក្ស ហើយ​មុននឹង​លោក​សម្រេចចិត្ត​ចូលរួម​បង្កើត “​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​” គឺ​លោក​បាន​បើកប្រជុំ ដោយ​ក្នុងនោះ ក៏មាន​វត្តមាន​លោក ហ៊ាង គឹម​ស្រឿន​ដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២១ សីហា លោក ហ៊ុន សែន ផ្តួចផ្តើម​បង្កើត ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ ដើម្បីឱ្យ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​សភា ផ្តល់​មតិ​លើ​ការរៀបចំ​គោលនយោបាយ​ដល់​រដ្ឋាភិបាល​។ ក្រៅពីនេះ ក៏មាន​ការផ្តល់​នូវ​តំណែង​បន្ថែម​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដល់​មន្ត្រី​គណបក្ស​ទាំងអស់នេះ​ទៀតផង​។ ប្រធាន​គណបក្សនយោបាយ​ទាំង​១៦ ក្នុងនោះ​ក៏មាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ផង បានប្រកាស​គាំទ្រ​ទាំងស្រុង ដោយ​ចាត់ទុកថា ជា​យន្ដការ​ថ្មី ដើម្បី​ចូលរួម​ឆ្លើយតប នឹង ផ្ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត