លោក​យ៉ង សាំង​កុមារ​៖​​ការសន្ទនា​​នយោបាយ​​ដើម្បី​ដោះស្រាយ​​បញ្ហា​សង្គម​​មិនមែន​​តំណែង​ទេ​​

24-08-2018 11:11 am 3939

​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត​យ៉ង សាំង​កុមារ បានបង្ហាញ​ការមិន​ពេញចិត្ត​ការបង្កើត​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ របស់​រដ្ឋាភិបាល ដែល​ប្រមូល​កៀរគរ​គណបក្ស​ដែល​មិន​ទទួលបាន​អាសនៈ​ក្នុង​សភា មក​ចូលរួម ដោយ​ផ្តល់នូវ​តំណែង​តួនាទី មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី រួមទាំង​ប្រាក់បៀវត្ស​ទៀតផង​។​

​លោក​យ៉ង សាំង​កុមារ លើកឡើងថា គណបក្ស​ក្រៅ​សភា និង​ក្រៅ​រដ្ឋាភិបាល​ប្រៀបដូចជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​តស៊ូ​មតិ ឬ​សន្ទនា​មតិ​នយោបាយ​តាម​វិស័យ​ផ្សេងៗ​។ លោក​ថា យើង​ត្រូវការ​សេរីភាព ឯករាជ្យភាព និង​ភាពស្របច្បាប់​ក្នុង​ការធ្វើសកម្មភាព​ន​យោ​បាយ និង​ការសន្ទនា​មតិ​នយោបាយ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម​មួយចំនួន​ទៅតាម​ជំនាញ​របស់​យើង គឺ​មិនមែន​ត្រូវការ​តំណែង​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​ទេ​។​

​លោក​បញ្ជាក់ថា ការ​មាន​យន្តការ ឬ​វេទិកា​មួយ​ស្របច្បាប់​សម្រាប់​ការសន្ទនា​មតិ​រវាង​តំណាង​គណបក្សនយោបាយ​ដោយ​ឈរលើ​គុណ​តម្លៃ សមភាព ភាតរភាព និង​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​គណបក្សនយោបាយ​ខ្មែរ​ដូចគ្នា​នឹង​ជួយ​លើកស្ទួយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សាមគ្គី​ជាតិ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​៕

ព័ត៌មានផ្សេងទៀត