របាយការណ៍​បឋម​! ករណី​ចោរប្លន់​ធនាគារ អ អេច ឥណ្ឌូ​ឆៃ​ណា​អស់​ជាង​១០​ម៉ឺន​ដុល្លារ​

23-08-2018 5:43 pm 1629
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុម​ចោរ​មួយក្រុម​មាន​គ្នា​ប្រហែល​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ជាច្រើន​បាន​ដើរចូល​ទៅក្នុង​ធនាគារ RHB Indochina Bank (​អ អេច ប៊ី ឥណ្ឌូ​ឆៃ​ណា​) ប្លន់​យក​លុយ​អស់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ បានសម្រេច​ហើយ​នាំគ្នា ជិះ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​បំផុត ខណៈ​សមត្ថកិច្ច​មូលដ្ឋាន បាន​ត្រឹម​ចុះទៅពិនិត្យ នៅ​កន្លែងកើតហេតុ តែប៉ុណ្ណោះ​។ 


​ករណី​ប្លន់​ប្រដាប់អាវុធ នៅ​ធនាគារ RHB Indochina Bank (​អ អេច ឥណ្ឌូ​ឆៃ​ណា​) ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ថ្ងៃ​ទី​២៣ សីហា​នេះ​។

​បើ​តាម​ការបញ្ជាក់​លើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ឲ្យដឹងថា យោង​តាម​សន្តិសុខ​យាម​ការពា​រធនាគារ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ខណៈ​ដែល​សន្តិសុខ​កំពុង​អង្គុយ​យាម​ជាធម្មតា នៅក្រោម​ឆ័ត្រ​នៅ​មុខធនាគារ ក៏​ស្រាប់តែ ជនសង្ស័យ​ស្លៀកពាក់​ស៊ីវិល​បាន​ដើរ​មក​ក្បែរ​សន្តិសុខ​រួច ធ្វើ​សកម្មភាព​ភ្ជង់​ក្រៀក​សន្តិសុខ​រួច​នាំ​ចូល​ទៅ​ក្នុង​ធនាគារ ភ្ជង់​បុក្គលិក ឲ្យ​ប្រមូល​លុយ​ឲ្យ​ពួក​វា​រួច​នាំគ្នា​រត់​ចេញ​ឡើង​ជិះ​ម៉ូតូ​បក​ខ​ពួកវា​ដែល​រង់ចាំ​នៅ​ក្បែរ​នោះ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។​

​ប្រភព​ដដែល​បន្តថា សន្តិសុខ​និង​បុគ្គលិក​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ធ្វើ​ការសាកសួរ​ផងដែរ​។​

​ប្រភព​ដដែល​បន្តថា ករណី​ប្លន់​នេះ មិន​បាន​បង្ក​ឲ្យ​បុគ្គលិក​ធនាគាររង​របួស​អ្វី​នោះ​ទេ ប៉ុន្តែ​ទឹកប្រាក់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ​ត្រូវបាន​រាយការណ៍​ថា ត្រូវ​ក្រុម​ជនល្មើស​ប្លន់​យក​ទៅ​បាន​សម្រេច​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​មិន​ទាន់​មាន​ការបញ្ជាក់​ពី​តំណាង ធនាគារ ពី​ចំនួន​ការ​បាត់​លុយ​នោះ​នៅឡើយ​ទេ ខណៈ​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​ក្រុង​និង​ក្រសួង​មហាផ្ទៃ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​និង​ស្រាវជ្រាវ​វែកមុខ​រក​ក្រុម​ជនសង្ស័យ តាមរយៈ​បើក​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព​នៅ​ទីតាំង​ធនាគារ RHB Indochina Bank (​អ អេច ប៊ី ឥណ្ឌូ​ឆៃ​ណា​)​ផ្ទាល់​តែម្តង​៕

 

 ពាក្យគន្លឹះ  ចោរប្លន់ធនាគារ

ព័ត៌មានផ្សេងទៀត