សមត្ថកិច្ចក្រុងព្រះសីហនុឃាត់ខ្លួនជនជាតិចិន៥នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់

22-08-2018 4:10 pm 1160
ជនសង្ស័យជាជនជាតិចិន ទាំង៥នាក់ ។

ជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចក្រុងព្រះសីហនុឃាត់ខ្លួន កាលពីយប់ថ្ងៃទី២១ ខែសីហា ពីបទបង្ខាំងមនុស្សខុសច្បាប់ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែសីហា ។ 

ជនសង្ស័យទាំង៥នាក់ មានមុខរបរជាអ្នកចងការប្រាក់នៅក្នុងកាស៊ីណូ អររ៉េនថលភៀល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ជនរងគ្រោះជាជនជាតិចិនចំនួន៣នាក់ ត្រូវបានជនសង្ស័យខាងលើចាប់ឃុំទុកអស់រយៈពេលមួយសប្តាហ៍ ។ ពួកគេត្រូវបានកម្លាំងជំនាញរំដោះ ក្រោយមានការរាយការណ៍ពីមិត្តភក្តិ ជាជនជាតិចិនដូចគ្នា នៅយប់កើតហេតុ ។ 

គូសបញ្ជាក់ថា ករណីចាប់ឃុំខ្លួននេះ កើតឡើងក្រោយជនរងគ្រោះចាញ់ល្បែងក្នុងកាស៊ីណូអររ៉េនថលភៀល និងបានចងការប្រាក់ជនសង្ស័យ ដែលជាអ្នករកស៊ីចងការប្រាក់ក្នុងកាស៊ីណូ ។ ក្រោយគ្មានលុយសង ជនសង្ស័យក៏បានចាប់ឃុំទុកក្នុងបន្ទប់ ដើម្បីឱ្យជនរងគ្រោះទាក់ទងទៅគ្រួសារ មិត្តភក្តិ រកលុយសងពួកគេ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕ 

ព័ត៌មានផ្សេងទៀត