ក្រសួងមហាផ្ទៃអំពាវនាវក្រុមហ៊ុនដឹកជញ្ជូនរឹតបន្តឹងអ្នកបើកបរ

21-08-2018 5:17 pm 1858
  ស្តាប់
ស្តាប់ជាសំឡេង

លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តអំពាវនាវដល់បណ្តាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញទាំងអស់ ត្រូវរឹតបន្តឹងអ្នកបើកបររបស់ខ្លួនបន្ថែមទៀត ខណៈអ្នកបើកបរខ្លះ នៅតែប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងគ្មានប័ណ្ណបើកបរ ជាដើម ។ លោកបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនដឹកអ្នកដំណើរ នៅព្រឹកថ្ងៃទី២១ ខែសីហា ។

ការថ្លែងអំពាវនាវនេះ ធ្វើឡើងក្រោយរបាយការណ៍បង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ នៅតែមានអ្នកបើកបររថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញធំៗ បានបន្តប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹងនៅពេលបើកបរដដែល ។ 

អនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះបញ្ជាក់ថា អ្នកល្មើសច្បាប់ទាំងនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ហើយជនល្មើសខ្លះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ។

គូសបញ្ជាក់ថា បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៨ ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យយានយន្តល្មើសច្បាប់ចំនួន ៩៦.៤៨០គ្រឿង ស្មើនឹង១៥ភាគរយ នៃយានយន្តសរុប ក្នុងនោះ ៥០.៩៥២គ្រឿង ស្មើនឹង៥៣ភាគរយ ត្រូវបានផាកពិន័យដោយបានទឹកប្រាក់ចំនួន ជាង ១.២០០ លានរៀល ៕ 

ព័ត៌មានផ្សេងទៀត