ប្រធាន​អង្គការសហប្រជាជាតិ គ្រោង​ជួប​ថ្នាក់ដឹកនាំ​កូរ៉េ​ទាំងពីរ​នៅ​ខែ​កញ្ញា​

21-08-2018 9:48 am 1921
លោក​António Guterres​ប្រធាន​អង្គការសហប្រជាជាតិ

​លោក​António Guterres​ប្រធាន​អង្គការសហប្រជាជាតិ បាន​សរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​និង​ខាងត្បូង ដែល​បង្កើតឲ្យមាន​បរិយាកា​ស​ល្អ​ចំពោះ​គ្នា ផ្តល់​ទំនុកចិត្ត​និង​ភាពជឿជាក់​ឲ្យ​គ្នា​។ លោក​ក៏បាន​ស្វា​គមន៍ ចំពោះ​ការរៀបចំ​ឲ្យមាន​ព្រឹត្តិ​ការណ៍​ជួបជុំគ្នា រវាង​ប្រជាជន​កូរ៉េខាងជើង​និង​ខាងត្បូង ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ផងដែរ ហើយ​លោក​សង្ឃឹមថា ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​នឹង​ត្រូវបាន​រៀបចំឡើងរ​ហូត​ក្លាយជា​ទម្លាប់​។​

​ដោយ​មើលឃើញ​ពី​ភាពជឿនលឿន នៃ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង លោក​António Guterres បានបង្ហាញ​ពី​បំណង ចង់​ជួបពិភាក្សា​ជាមួយ​ភាគី​ទាំងពីរ ដើម្បី​ជំរុញ​បន្ថែម​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដើម្បី​នាំមក​នូវ​សន្តិភាព​ជា​និរន្ត​នៅ​ឧបទ្វីប​កូរ៉េ​។ បើតាម​ការឲ្យដឹង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍ និយាយ​ដោយ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric​កាលពី​ថ្ងៃ​ចន្ទ​ថា ជំនួប​នេះ​គ្រោង​ធ្វើឡើង​នៅក្នុង​ខែកញ្ញា​ខាងមុខ​។ ពោល អំឡុងពេល​ដែល​អង្គកា​រ​សហប្រជាជាតិ រៀបចំ មហាសន្និបាត នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ ស្ថិតនៅក្នុង​ក្រុង​ញ៉ូវ​យ៉​ក​។ មហាសន្និបាត​អង្គការ​សហ​ប្រជាតិ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦​ខែ​កញ្ញា​។ 

​នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ មាន​ការចូលរួម​ពី​តំណាង​ប្រទេស និង​មេដឹកនាំ​កំពូលៗ​ក្នុង​ពិភពលោក ដែល​រួមមាន​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ហើយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​លោក​រី យ៉ុង​ហូ​ត្រូវគេ​រំពឹងថា​នឹងចូលរួម​ក្នុង​មហាសន្និបាត​នេះ​ផងដែរ​៕​

 ពាក្យគន្លឹះ  លោកAntónioGuterres

ព័ត៌មានផ្សេងទៀត