កម្ពុជាបដិសេធការរិះគន់ និងទាមទាររបស់ UN

20-08-2018 9:27 pm 2570

នៅក្នុងសេចក្ដីសង្ខេបព័ត៌មាននិយាយាអំពីស្ថានភាពបោះឆ្នោតនៅកម្ពុជា អ្នកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ព្រមទាំងទាមទារឲ្យដោះលែងអ្នកនយោបាយ អ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្ស។ មួយថ្ងៃក្រោយមក តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញមុខបដិសេធការទាមទារ ព្រមទាំងហៅការរិះគន់របស់ UN ធ្វើឡើងដោយគ្មានមូលដ្ឋាន។

សេចក្ដីប្រកាសព័ត៌មានកម្រាស់២ទំព័រ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា គឺមានភាពល្អប្រសើរដែលជាព្រឹត្តិការណ៍ពុំធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា។

អ្នកស្រី Ravina Shamdasani កាលពីថ្ងៃទី១៧ ខែសីហាបានលើកឡើងពីការព្រួយបារម្ភជុំវិញស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អំឡុងពេលរៀបចំការបោះឆ្នោត ដែលអវត្តមានអតីតគណបក្សសង្គ្រោះជាតិ។ តំណាងកម្ពុជាបានអះអាងទៅកាន់ ការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិវិញថា ការរិះគន់ការបោះឆ្នោតនៅកម្ពុជា ដោយសារតែអវត្តមានអតីតគណបក្សមួយ គឺជាការមើលរំលងកិច្ចខិតខំរបស់គណបក្សទាំង២០ ដែលចូលរួមការបោះឆ្នោត។

បន្ថែមពីលើនេះស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានឆ្លើយតបផងដែរថា ការអំពាវនាវឲ្យដោះលែងអ្នកនយោបាយ អ្នកកាសែត និងអ្នកជាប់ចោទមួយចំនួនទៀតនោះ គឺជាការអំពាវនាវឲ្យមានការជ្រៀតជ្រែកដល់អំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យ។

ជាមួយគ្នានេះដែរកម្ពុជា ក៏បានប្រាប់ទៅភាគីអង្គការសហប្រជាជាតិ អំពីការរៀបចំវេទិការសន្ទនា រវាងរដ្ឋាភិបាល ជាមួយគណបក្សនយោបាយនានាផងដែរ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថាវាជាការស្ដាប់មតិយោបល់ និងក្ដីកង្វល់របស់ពួកគេ ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បានចេញសេចក្ដីសង្ខេបព័ត៌មានដែលមាន៣ចំណុច គឺបានសម្ដែងការមិនពេញចិត្ត ចំពោះការបោះឆ្នោត ទាមទារឲ្យដោះលែងអ្នកនយោបាយ អ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតបរិយាកាសជជែកពិភាក្សារវាងអ្នកនយោបាយ ដែលអនុញ្ញាតិឲ្យគ្រប់ភាគីចូលរួមបញ្ចេញមតិ៕

 

 

 

 

 ពាក្យគន្លឹះ  អង្គការសហប្រជាជាតិ

ព័ត៌មានផ្សេងទៀត