លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តរឹតបន្តឹងការចុះល្បាត និងបង្ក្រាបនូវរាល់បទល្មើស ជាពិសេសពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ដើម្បីផ្តល់នូវសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ។
ការណែនាំនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២០ សីហានេះ ដោយមានការចូលរួមពីមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ អាជ្ញាធរខណ្ឌទាំង១២ និងមន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
លោក ឃួង ស្រេង មានប្រសាសន៍ថា កន្លងមក អាជ្ញាធរមូលដ្ឋាន ហាក់ព្រងើយកណ្តើយ ចំពោះការបង្ក្រាប ការផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់ នៃគ្រឿងញៀន ទៅដល់មហាជន យុវជន ធ្វើឲ្យការប្រើប្រាស់គ្រឿងញៀន កើនឡើង។ ដូច្នេះលោកអភិបាលរាជធានីភ្នំពេញ អំពាវនាវ ដល់សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការរឹតបណ្តឹង ទាំងការទប់ស្កាត់ ការអប់រំ និងផ្សព្វផ្សាយឲ្យ បានទូលំទូលាយបន្ថែមទៀត ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា ការទប់ស្កាត់គ្រឿងញៀន ទទួលជោគជ័យទៅបាន គឺមិនមែនជាបន្ទុករបស់ស្ថាប័នណាមួយ ឬ បុគ្គលណាម្នាក់នោះទេ គឺជាការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ ដើម្បីជោគវាសនា អនាគត កូនចៅ យើងទាំងអស់គ្នា។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ ឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៤ពាន់ករណី ឃាត់ខ្លួនជនល្មើសបានចំនួន៨ពាន់នាក់៕