គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រេចមិនចូលរួមវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ដែលគ្រោងរៀបចំនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ នោះទេ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីន បញ្ជាក់ថា ជាជំហរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែស្វាគមន៍ ឲ្យមានវេទិកាបែបនេះ។ ប៉ុន្តែលោកថា វេទិកានេះហាក់ធ្វើឡើងប្រញាប់ប្រញាល់ពេក ដែលវាគួរតែធ្វើឡើងក្រោយរដ្ឋាភិបាលថ្មីកើតជារូបរាង និងត្រូវបញ្ជាក់ពីគោលបំណង និងដំណើរការឲ្យបានច្បាស់លាស់ ជាមុនសិន និងធានាថា វេទិកានេះធ្វើឡើងដោយភាពស្មោះត្រង់ ព្រមទាំងផ្ដល់ប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។
យ៉ាងណា លោកសាម អ៊ីន បញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងមិនទទួលយកតំណែងណាមួយ ជាទីប្រឹក្សា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្នុងរដ្ឋាភិបាលរបស់លោកហ៊ុន សែនជាដាច់ខាត។
ជាបន្ត សូមស្តាប់ការបញ្ជាក់របស់លោកសាម អ៊ីន តាមរយៈកិច្ចសម្ភាសន៍ជាមួយ ខុន ប៊ុនថុល ដូចតទៅ៖