UN បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​នយោបាយ ​និង​អ្នកកាសែត​

19-08-2018 1:35 pm 3418
  ស្តាប់
លោកស្រី Ravina Shamdasani ​អ្នកនាំពាក្យ​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោកស្រី Ravina Shamdasani បាន​ទទូច​ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​នយោបាយ អ្នកកាសែត អ្នកការពារ​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយសារ​តែ​ការបញ្ចេញមតិ​។

​នៅក្នុង​សេចក្ដី​សង្ខេប​ព័ត៌មាន​និយាយា​អំពី​ស្ថានភាព​បោះឆ្នោត​នៅ​កម្ពុ​ជា អ្នកស្រី Ravina Shamdasani អ្នកនាំពាក្យ​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ បានលើកឡើង​ពី​ការព្រួយបារម្ភ​ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំឡុង​ពេល​រៀបចំ​ការបោះឆ្នោត ដែល​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ជាមួយគ្នា​នេះ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​បរិយាកាស​ជជែក​ពិភាក្សា​រវាង​អ្នកនយោបាយ ដែល​អនុញ្ញាតិ​ឲ្យ​គ្រប់​ភាគី​ចូលរួម​​បញ្ចេញមតិ​។​

លោកស្រី Ravina Shamdasani ក៏​បាន​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នកនយោបា​យ​បក្សប្រឆាំង ដក​បម្រាម​ធ្វើ​នយោបាយ​ទៅ​លើ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង​អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធមនុស្ស ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ចាប់ខ្លួន ដោយ​ការអនុវត្ត​សិទ្ធិ​បញ្ចេញមតិ​ផងដែរ​។​

​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អង្គការ​សហ​ប្រជាតិ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ធ្លាប់​អះអាងថា ការដោះលែង​អ្នក​ជាប់​ឃុំ​ណា​ម្នាក់​ដូច​ការទាមទារ គឺ​មិន​ស្ថិតក្រោម​ការសម្រេច​របស់​រដ្ឋាភិបាល​នោះទេ វា​គឺជា​ការ​សម្រច​របស់​តុលាការ​។​

​យ៉ាងណាក៏ដោយ ការរិះគន់ផ្ទួនៗបែបនេះបានធ្វើឲ្យមជ្ឍដ្ឋានមួយចំនួនចោទជាសំណួរថា តើរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ដែល​មាន​តែ​សមាជិក​គណបក្ស​ប្រជាជន ​នៅក្នុង​រដ្ឋសភា​នោះនឹង​ត្រូវបាន​ទទួលស្គាល់​ដោយ​អន្តរជាតិ​ឬ​ទេ​?

​ប្រតិកម្ម​ទៅ​នឹង​សំនួរ​នេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច ថ្លែង​ប្រាប់​ការ​សែត​ក្នុងស្រុក​មួយ​ថា ការអញ្ជើញ​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​ពី​សំណាក់​អង្គការសហប្រជាជាតិ ​គឺជា​ភ័ស្ដុតាង​បង្ហាញថា អន្តរជាតិ​បាន​ទទួលស្គាល់​រដ្ឋាភិបាល​រួចទៅហើយ​។​

​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​កាលពីដើម​ខែ​សីហា​នេះដែរ​ថា លោក​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​ឲ្យបាន​ឆាប់ ព្រោះ​លោក​នឹង​ចេញ​ទៅ​ថ្លែង​ការណ៍បញ្ជាក់​ពី​ស្ថានភាព​របស់​កម្ពុជា ទៅកាន់​អង្គការសហប្រជាជាជាតិ នៅ​ខែ​ក្រោយ​នេះ​។ លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អ្នក​រិះគន់​រូបលោករង​ចាំមើល ថា​តើ​អង្គការ​សហ​ប្រជាតិ​នឹង​ចាប់ខ្លួន​លោកឬ​យ៉ាងណា​?

 ពាក្យគន្លឹះ  អង្គការសហប្រជាជាតិ

ព័ត៌មានផ្សេងទៀត