ក្រសួងអប់រំយុវជន និងកីឡា តាមរយៈសេចក្តីប្រកាសរបស់ខ្លួនបានឲ្យដឹងថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលសាលាគរុកោសល្យ ខេត្តកំពត ថ្នាក់វិទ្យាសាស្ត្រ ដែលមាន ២០បន្ទប់ ស្ថិតក្នុងក្រុងកំពត ត្រូវបានអនុញ្ញាត ឱ្យប្តូរទីតាំងទៅ មណ្ឌលវិទ្យាល័យឯកជនវឌ្ឍនវិជ្ជា ថ្នាក់វិទ្យាសាស្ត្រ មាន ២០បន្ទប់ ស្ថិតក្នុងក្រុងកំពត ខេត្តកំពតវិញ។
ក្នុងសេចក្តីប្រកាសដដែល ក៏បានឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងសាមីគ្រឹះស្ថានសិក្សា ដែលត្រូវយកធ្វើជាមណ្ឌលប្រឡង ត្រូវរៀបចំមណ្ឌលនិងសម្ភារៈចាំបាច់សម្រាប់ការប្រឡងឲ្យរួចរាល់មុនថ្ងៃប្រឡង និងត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំងថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពតាមមណ្ឌលប្រឡង។
សូមបញ្ជាក់ថា មូលហេតុដែលមានការប្តូរទីតាំងមណ្ឌលប្រឡងនៅខេត្តកំពតនេះ គឺយោងទៅតាមការចាំបាច់របស់ក្រសួងអប់រំ យុវជន និងកីឡា៕