លោក​គឹម សុខ​៖ បើ​រដ្ឋាភិបាល​ត្រូវការ​យោបល់ យើង​ត្រូវ​រួបរួម​គ្នា​ផ្តល់

17-08-2018 5:31 pm 6019
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​បាន​អនុវត្ត​ទោស​រួចរាល់ រយៈពេល​១៨​ខែ ក្នុង​ពន្ធនាគារ លោក​គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ នៅ​កម្ពុជា ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី​១៧ សីហា​នេះ​។ 
​នៅខាងមុខ​ពន្ធនាគារ ក្រោយ​ការដោះលែង លោក​គឹម សុខ ត្រូវបាន​ទទួល ដោយ​ផ្ទាល់​ពី​ក្រុម​សាច់ញាតិ​គ្រួសារ ព្រះសង្ឃ រួម​នឹង​អ្នកសារព័ត៌មាន ចុះ​ផ្តិត​យក​រូបភាព​ជា​ច្រើន​ផងដែរ​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន លោក​គឹម សុខ បាន​ថ្លែង​ពី​ទុក្ខលំបាក ក្នុង​ពន្ធនាគារ​រយៈពេល​១៤​ខែ​ដំបូង ថា​មាន​ការ​រឹតត្បឹត​លើ​ការ​អានកាសែត សៀវភៅ និង​ការសរសេ​រតែង​និពន្ធ​ផ្សេង​។ ដែល​ទាំងអស់​នេះ​គឺ​ផ្ទុយ​នឹង​បទបញ្ជាផ្ទៃក្នុង ពន្ធនាគារ ដែល​ហាមឃាត់​ចំពោះ​ការមើល​ទស្សនា​វ​ដ្តី ឬ​កាសែត​អាសអាភាស​តែប៉ុណ្ណោះ​។​

សំឡេង​

​យ៉ាងណាមិញ ជុំវិញ​ការដោះលែង​លោក​គឹម សុខ ត្រូវបាន​គេ​មើលឃើញថា បាន​អនុវត្ត​ទោស​រួចរាល់ ចំពោះ​បទ​ចោទ​១​ករណី​តែប៉ុណ្ណោះ ខណៈ​ដែល​បទចោទប្រកាន់​រឿង​បរិហាកេរ្តិ៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម លើ​លោក​កែម ឡី ដែល​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន ៨០០​លាន​រៀល នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​។ 

​គេ​នៅ​ចាំបាន​ថា មុន​ការដោះលែង ៣​ថ្ងៃ លោក​គឹម សុខ ត្រូវបាន​មន្ត្រី​ពន្ធនាគារ បញ្ជូនទៅ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម និង​ពិចារណា​ថា តើ​ត្រូវ​បន្ត​ឃុំខ្លួន ឬ​ដោះលែង​?

ពាក់ព័ន្ធ​បញ្ហា​នេះ លោក​គឹម សុខ បានបញ្ជាក់​ថា លោក​ព្រួយបារម្ភ​​។ ប៉ុន្តែ​ការព្រួយបារម្ភ​នេះ មិនមែន​មានន័យថា លោក​ចុះចាញ់ និង​បញ្ឈប់​សកម្មភាព​របស់​លោក​ឡើយ​។ លោក​គឹម សុខ យល់ឃើញថា សំណុំរឿង ដែល​រូប​លោក​នៅ​ជាប់​ពាក់ព័ន្ធ អាច​ជា​ចំណង​ខ្សែ រឹតបន្តឹង ការបញ្ចេញ​មតិ​យោបល់​កាន់តែ​តូច​ទៅៗ​។ 

​តែ​យ៉ាងណាមិញ លោក​គឹម សុខ បាន​បន្ថែម ការបង្កើត​ឲ្យមាន​ការ​ផ្តល់​មតិយោបល់ ពី​គ្រប់​គណបក្ស​នយោបាយ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គឺជា​រឿង​ដែល​បើក​ទូលាយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។ 

សំឡេង​

​ត្រូវ​ជម្រុះ​ចោល ចំពោះ​គំនិត​ថា​ក្រុម​នេះ​ល្អ​ប្រសើរ​ជាង​ក្រុម​នោះ ឬ​អ្នក​នេះ ក្លាហាន ជាង​អ្នក​នោះ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការរួបរួម​គ្នា ក្នុង​ការផ្តល់​មតិយោបល់ ដើម្បី​ការអភិវឌ្ឍន៍​ប្រទេសជាតិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល បាន​បើក​ឱកាស​ឲ្យមាន​ការ ផ្លាស់ប្តូរ​យោបល់ ពី​គ្រប់​គណបក្ស​នយោបាយ​។ នេះ​ជា​ការអះអាង​បន្ថែម ពី​លោក​គឹម សុខ​។​

សំឡេង​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ សីហា បាន​ប្រកាស​ពី​បំណង​ក្នុង​ការបង្កើត​វេទិកា​ពិ​ព្រោះ​យោបល់ ជាមួយ​បណ្តា​គណបក្ស​នយោបាយ​នានា​ដែល​បាន​ចូលរួម​ការបោះឆ្នោត នៅ​អាណត្តិ​ទី​៦​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ការ​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងអស់​គ្នា និង កុំ​ឲ្យ​រដ្ឋាភិបាល ជិះសេះ​លែងដៃ​តែម្នាក់ឯង​៕

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត