ស្ថាប័ន​កាសែត​​ជាច្រើន​​នៅ​អាមេរិក​​ប្រឆាំងនឹង​​ការចោទប្រកាន់​​របស់​លោក​ដូណាល់ ត្រាំ​

17-08-2018 10:04 am 588
  ស្តាប់
ការចេញផ្សាយបទវិចារណកថា​នៅលើកាសែត
ស្តាប់ជាសំឡេង

​ស្ថាប័ន​កាសែត​ជាច្រើន​នៅ​​​សហរដ្ឋអាមេរិក បាន​ចេញផ្សាយ​បទ​វិចារណកថា​មួយ​ប្រឆាំងនឹង​ការវាយប្រហារ​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​លោក​បាន​ចោទប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បាន​រិះគន់​រូបលោក​។ លោក​ត្រាំ​បាន​និយាយ​រិះគន់​ដល់​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​នៅក្នុង​សុន្ទរកថា​សាធារណៈ និង​នៅលើ​ប្រព័ន្ធ​Twitter​របស់លោក ហើយ​បានចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​និង​ជា​សត្រូវ​របស់​ប្រជាជន​។​

​កើតទុក្ខ​មិន​សុខ​ចិត្ដនឹង​ការចោទប្រកាន់​បែបនេះ ទើប​ស្ថាប័ន​កាសែត​នៅ​អាមេរិក​ជាង​៣០០ បានចេញ​បទ​វិចារណកថា​​ប្រឆាំង​កាលពី​ថ្ងៃព្រហស្បតិ៍ ទាំង​នៅក្នុង​អត្ថបទ​បោះពុម្ព​និង​នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។ ចំណងជើង​នៅលើ​បទ​វិចារណកថា​ដាក់ថា “​អ្នកកាសែត​មិនមែនជា​សត្រូវ​ទេ​”​។ ចំពោះ​ខ្លឹមសារ​នៅក្នុង​នោះ​និយាយថា “​ការ​កុហក​គឺជា​រឿង​ខុសច្បាប់​ក្នុង​ការជូនដំណឹង​ដល់​ប្រជាជន ដូច្នេះ​កាសែត​ដែល​ចេញផ្សាយ​ព័ត៌មាន​កុហក ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​របស់ខ្លួន​។ ភាព​អស្ចារ្យ​របស់​អាមេរិក គឺ​ពឹងផ្អែក​លើ​តួនាទី​នៃ​សេរីភាព​សារព័ត៌មាន ដើម្បី​និយាយ​ការពិត​ទៅកាន់​អ្នកមានអំណាច​“​។ 

​នៅក្នុង​បទ​វិចារណកថា​បិទ​បញ្ចប់​ថា “​ការដាក់​ងារ​ឲ្យ​វិស័យ​សារព័ត៌មាន​ថា​ជា​សត្រូវ​របស់​ប្រជាជន ជា​រឿង​គ្រោះថ្នាក់​ណាស់​សម្រាប់​ការបង្រួបបង្រួម​ជាតិ ដែល​យើង​បាន​រួមចំណែក​អស់​រយៈពេល​ជាង​ពីរ​សតវត្ស​មកហើយ​”​។ ជា​ការកត់សម្គាល់ ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​ចូល​កាន់តំណែង​ប្រធានាធិបតី លោក​មិន​សប្បាយចិត្ដ​ទេ​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួននៅ​អាមេរិក​។ មូលហេតុ​ដូច​បានបញ្ជាក់​ហើយ​ថា លោក​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុងន័យ​វាយប្រហារ​និង​រិះគន់​រូបលោក​៕

ព័ត៌មានផ្សេងទៀត