ចិន​ប្រព្រឹត្ត​បទល្មើស​ច្រើនជាងគេ​នៅ​កម្ពុជា​ក្នុងចំណោម​ជនបរទេស​ផ្សេងទៀត​

15-08-2018 2:58 pm 5414
  ស្តាប់
ស្តាប់ជាសំឡេង

​ជនជាតិ​ចិន​ឈរលើ​លំដាប់​លេខ​មួយ និង​តាម​ពីក្រោយ​ដោយ​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា ក្នុងករណី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​គ្រឿងញៀន ក្នុងចំណោម​ជនបរទេស​ដទៃទៀត​ដែល​រស់នៅ​កម្ពុជា​។ នេះ​បើតាម​លទ្ធផល​បង្ក្រាប​ប​ទ​ល្មើស​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។ 

ជនបរទេស​ប្រព្រឹត្ត​បទល្មើស​លើ​ទឹកដី​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៨៨​ករណី​។ ក្នុងនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​៣៧៨​នាក់ មាន​២៥​សញ្ជាតិ ដែល​តួលេខ​នេះ​មាន​ការកើនឡើង​៣៣​ករណី​បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​១ មាន​៥៥​ករណី​។ នេះ​បើតាម​ការលើកឡើង​ពី​លោក​ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ នៃ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០១៨​។​

​បើតាម​លោក​ថោង លីម បទល្មើស​ដែល​ជនបរទេស​ទាំង​២៥​សញ្ជាតិ​នោះ​ប្រព្រឹត្ត ភាគច្រើន​ជា​បទល្មើស​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។ ក្នុងចំណោម​បទល្មើស​៨៨​ករណី គឺមាន​ចំនួន​១៧​ករណី ជា​បទល្មើស​គ្រឿងញៀន ស្មើនឹង​១៩.៣១​ភាគរយ​។ ក្នុងនោះ​ជនជាតិ​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើនជាងគេ គឺ​ចិន ដែលមាន​២៥៧​នាក់ នី​ហ្ស៊េ​រី​យ៉ា​៣៧​នាក់ វៀតណាម​១៤​នាក់ ថៃ​១២​នាក់ កូរ៉ខាងត្បូង​០៨​នាក់ ហើយ​ភូមិសាស្ត្រ​ដែល​កើតមាន​ច្រើនជាងគេ គឺ​នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុងករណីនេះ លោក​ថោង លីម បាន​ណែនាំ​ដល់​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ជា​សមាជិក ត្រូវអនុវត្ត​តាម​ផែនការ របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុង​ការការពារ​សន្តិ​សុខ​ជូន​វិនិយោគិន និង​អ្នកទេសចរ​បរទេស​ដ​ទៃទៀត​ឲ្យបាន​ល្អប្រសើរ​ផងដែរ​។​

​សូមបញ្ជាក់ថា បើ​យោងតាម​របាយការណ៍​ត្រីមាស​ទី​២​របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​បានឲ្យដឹង​ដែរថា ក្រៅតែពី​ជនបរទេស​ប្រព្រឹត្ត​បទល្មើស ក៏មាន​វិនិយោគិន និង​ភ្ញៀវទេសចរ​បរទេស ដែល​មក​ប្រទេស​កម្ពុជា បាន​រងគ្រោះ​ដោយ​ករណី​លួច ឆក់ ប្លន់ សរុប​មាន​ចំនួន​១៧៨​ករណី​ផងដែរ​។ បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​១ ករណីនេះ​មាន​ការកើនឡើង ៣៧​ករណី​។ ក្នុងនោះ​ជនជាតិ​ចិន​រងគ្រោះ​ច្រើនជាងគេ គឺមាន​៦១​នាក់ វៀតណាម​២២​នាក់ បារាំង​១៤​នាក់ អង់គ្លេស​១៣​នាក់ អូស្ត្រាលី​១១​នាក់ ហើយ​ភូមិសាស្ត្រ​ដែល​កើតមាន​ច្រើនជាងគេ គឺ​នៅ​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត