ជំងឺ​ចំនួន​​២​​បាន​​ផ្ទុះ​ឡើង​​នៅ​​ប្រទេស​​កុង​ហ្គោ​ និង​​មជ្ឈឹម​​បូ​ព៌ា​ ក្រសួង​​ឱ្យ​​ពល​រដ្ឋ​​ប្រុង​ប្រយ័ត្ន​​

14-08-2018 12:21 pm 1941
  ស្តាប់
ស្តាប់ជាសំឡេង

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ត្រៀម​វិធានការ​ទប់ស្កាត់ និង​ណែនាំ​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ និង​មកពី​ក្រៅប្រទេស ឱ្យ​ប្រុងប្រយ័ត្ន​ការឆ្លង​ជំងឺអេបូ​ឡា និង​ជំងឺ​រលាក​ផ្លូវដង្ហើម ខណៈ​ជំងឺអេបូ​ឡា បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ សម្លាប់​មនុស្ស​៣៦​នាក់ និង​ជំងឺ​រលាក​ផ្លូវដង្ហើម បាន​កើតឡើង​នៅ​ឧបទ្វីប​មជ្ឈឹម​បូព៌ា សម្លាប់​មនុស្ស​៧៩១​នាក់​។ (​សេង បារាំង​)

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់ថា នៅ​ដើម​ខែសីហា ឆ្នាំ​២០១៨ អង្គការ​សុខភាព​ពិភពលោក​មាន​ការប្រកាស​ថា មានការ​រាតត្បាត​ឡើងវិញ​នៃ​ជំងឺអេបូ​ឡានៅ​ក្នុងប្រទេ​សសាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ នៅក្នុង​ទ្វីបអាហ្វ្រិក ដែល​រហូតដល់​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨ មាន​ចំនួន​អ្នក​ឈឺ​សរុប​ចំនួន ៤៤​នាក់ ដែល​ក្នុងនោះ ៣៦​នាក់​បាន​ស្លាប់​។​

​ដើម្បី​បង្ការ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ចាត់​វិធាន​ដូចជា​៖ 

១. ផ្តល់​ពត៌មាន​អំពី​ការ​រាតត្បាត​ជំងឺអេបូ​ឡានៅ​ប្រទេសកុង​ហ្គោ ដល់​ក្រុមមន្ត្រី​ដើម្បី ឆ្លើយតប​បន្ទាន់​នៅ​ទាំង​ប្រទេស និង​វិធានការ​ធ្វើ​ការតាមដាន និង​ឆ្លើយតប​ឆាប់រហ័ស​។​

២. ណែនាំ​ដល់​មន្ត្រី​ចត្តា​ឡី​ស័ក ដែល​បំរើ​ការងារ​តាម​ព្រំដែន គោក ទឹក និង​អាកាស​យាន្តដ្ឋាន ស្តីពី​ការតាមដាន​សុខភាព​អ្នកដំណើរ​ទាំងអស់ ជាពិសេស​អ្នកដំណើរ​មកពី​ទ្វីប​អាហ្វ្រិក និង​អនុវត្ត​ន៏​តាម​វិធានការ​បង្ការ​និង​ឆ្លើយតប​ជំងឺអេបូ​ឡា​ដែល​មានស្រាប់ 

៣. បានធ្វើការ​ចែកចាយ​សម្ភារៈ​អប់រំ​ស្តីពី​របៀប​បង្ការ និង​ឆ្លើយតប​ជំងឺអេបូ​ឡាដ​ល់​មន្ត្រី​ឆ្លើយតប​បន្ទាន់​ទូទាំងប្រទេស ដើម្បី​ផ្សព្វផ្សាយ​បន្ត​

៤. នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ក៏បាន​សំណូមពរ​ដល់​ប្រជាជន​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ក្នុង​ទ្វីប ហើយ​មាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ​លើសពី​៣៨.៥​អង្សា​សេ ឈឺ​សាច់ដុំ អស់កំលាំង ក្អួត កន្ទួល​ក្រហម ឬ​ចេញឈាម សូម​រួសរាន់​ទៅ​មន្ទីរពេទ្យ​ពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥ ដើម្បី​ធ្វើ​ការព្យាបាល​ជាបន្ទាន់ និង​ជៀសវាង​ចំលងជំងឺ​ទៅ​សមាជិកគ្រួសារ និង​អ្នកដទៃ​។​

​ដោយឡែក​ជំងឺ​មួយទៀត​ដែល​កំពុង​កើតឡើង​នៅ​ឧបទ្វីប​មជ្ឈឹម​បូព៌ា គឺ​ជំងឺ​រលាក​ផ្លូវដង្ហើម រហូតដល់​ខែកក្កដា​ឆ្នាំ​២០១៨ ទូទាំង​ពិភពលោក មាន​ឆ្លង​ជំងឺ​នេះ​ចំនួន ២២២៩​នាក់ ក្នុងនោះ ៧៩១​នាក់​បាន​ស្លាប់ ស្មើនឹង​អត្រា​ស្លាប់​៣០% ដែល​ភាគច្រើន​កើត​នៅ​ឧបទ្វីប​មជ្ឈឹម​បូព៌ា ដូចជា​ប្រទេស អារ៉ាប់​អេ​មី​រ៉ាត់ ហ្សកដានី គូ​វែត អូ​ម៉ង់ កាតា អា​រ៉ាប៊ីសាអូឌីត និង​យ៉េ​ម៉ែន​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏បាន​ណែនាំ​សារ​សុខភាព​ដល់​ព​ល​រដ្ឋ ដែល​ធ្វើដំណើរ​ទៅ និង​ត្រលប់​ពី​ឧបទ្វីប​មជ្ឈឹម​បូ​ព៌ា ដើម្បី​ចូលរួម​ពិធី​សាសនា អំពី​ជំងឺ​រលាក​ផ្លូវដង្ហើមនៅ​ឧបទ្វីប​មជ្ឈឹម​បូព៌ា​ផងដែរ ដោយ​ក្នុងនោះ​រួមមាន​៖

- អ្នកធ្វើដំណើរ​ទៅ​ឧបទ្វីប​មជ្ឈឹម​បូព៌ា​និងមាន​រោគសញ្ញា គ្រុ​នក្តៅ ក្អក ពិបាក​ដកដង្ហើម និង​រាក ត្រូវ​ស្វែងរក​មន្ទីរពេទ្យ​ព្យាបាល​ជាបន្ទាន់​

- បើសិនជា​អ្នក​ទើប​ត្រឡប់​មកពី​ឧបទ្វីប​មជ្ឈឹម​បូព៌ា និង​មាន​រោគសញ្ញា គ្រុ​នក្តៅ ក្អក ពិបាក​ដកដង្ហើម និង​រាក ក្នុងកំឡូងពេល​១៤​ថ្ងៃ ក្រោយ​ត្រឡប់​មកពី​តំបន់​មជ្ឈឹម​បូ​ព៌ា ត្រូវតែទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រមទាំង​ប្រាប់​គ្រូពេទ្យ​ថា អ្នក​ទើប​ត្រឡប់មក​ពី​តំបន់​មជ្ឈឹម​បូព៌ា​។​

- បើសិនជា​មាន​រោគសញ្ញា​រលាក​ផ្លូវដង្ហើម​ស្រួចស្រាវ ត្រូវអនុវត្ត​ទម្លាប់​ខ្ទប់មាត់ ឬ​ច្រមុះ​ជាមួយ​ក្រណាត់ ឬ​សំលៀកបំពាក់ នៅពេល​ក្អក ឬ​កណ្តាស និង​លាងដៃ​ឲ្យបាន​ញឹកញាប់​។​

- បើសិនជា​មាន​រោគសញ្ញា រលាក​ផ្លូវដង្ហើម​យូរ អ្នក​គួរតែ​ពន្យា​ពេល​ក្នុង​ការធ្វើដំណើរ​។​

​ដើម្បី​បង្ការ​កុំឱ្យ​ឆ្លង​ជំងឺ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បញ្ជាក់ថា ពេល​ធ្វើដំណើរ ចៀសវាង​ការប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកមាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រួចស្រាវ​។ ចៀសវាង​ការហូប​សាច់​មិន​ឆ្អិន​ល្អ បន្លែ​ឆៅ​ផ្លែឈើ​មិនបាន​ចិត​សំបក និង​ទឹក​មិនមាន​សុវត្ថិភាព​។ លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ជាពិសេស​ក្រោយ​ការប៉ះពាល់​អ្នក​ឈឺ និង​នៅ​ជុំវិញ​បរិស្ថាន​និង​អ្នក​ឈឺ​។ ចៀសវាង​ការ​ទៅលេង​កសិដ្ឋាន​ចិញ្ចឹម​សត្វស្រុក និង​សត្វព្រៃ ជាពិសេស សត្វ​អូ​ដ៏ (​ឈឺ ឬ ស្លាប់​)៕

ព័ត៌មានផ្សេងទៀត