ឃាត់ខ្លួនជនជាតិចិន៧នាក់ក្រោមបទល្មើសប្រព្រឹត្តិសច្ចារកម្ម នៅក្រុងព្រះសីហនុ

14-08-2018 10:03 am 1873
  ស្តាប់
ជនសង្ស័យ ជាជនជាតិចិន ទាំង៧នាក់ ក្រោយឃាត់ខ្លួន ។ រូបថតពី អគ្គស្នងការនគរបាលជាតិ ។
ស្តាប់ជាសំឡេង

ហាងម៉ាស្សាជនជាតិចិនមួយកន្លែង យីហោ ប៉ាយជីងហាន់កុង ស្ថិតក្នុងក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចបានចុះបង្រ្កាប នៅយប់ថ្ងៃទី១២ ខែសីហា ក្រោយរកឃើញថា មានបង្កប់បទល្មើស ជួញដូរផ្លូវភេទខុសច្បាប់ ។ នេះបើតាមលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ស្រង់សម្តីដោយ គេហទំព័រអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែសីហា ។

ជនជាតិចិនចំនួន២៩នាក់ ត្រូវបានឃាត់ខ្លួន រួមមានបុរស១៥នាក់ និងនារី១៤នាក់ ។ ក្រោយស្រាវជ្រាវ ស៊ើបអង្កេត និងសួរបំភ្លឺ នារីទាំង១៤នាក់នោះ ជាអ្នកប្រកបរបរផ្លូវភេទ ។ ភ្ញៀវដែលមករកសេវាកម្មផ្លូវភេទ មានចំនួន០៨នាក់ ។

ចំណែកឯអ្នកពាក់ព័ន្ធនឹងការប្រព្រឹត្តិការជួញដូរផ្លូវភេទខុសច្បាប់ មានចំនួន៧នាក់ រួមមាន ទី១. ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ៤១ឆ្នាំ ជាថៅកែហាង ។ ទី២. ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជាអ្នកគិតលុយ ។ ទី៣. ឈ្មោះ XU FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នកគ្រប់គ្រងនារីនៅជាន់លើ ។ ទី៤. ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអ្នកបើកឡានជូនភ្ញៀវ ។ ទី៥. ឈ្មោះ CHEN GANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកទិញឥវ៉ាន់ ។ ទី៦. ឈ្មោះ ZHANG BING ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកចែកខិតប័ណ្ណ និងទី៧. ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នកចែកខិតប័ណ្ណ ។

ជនជាតិចិនទាំង៧នាក់នេះ ស្នាក់នៅក្នុងទីតាំងកើតហេតុខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ៕ 

ព័ត៌មានផ្សេងទៀត