ណា​សា​​បង្ហោះ​​យានអវកាស​ថ្មី​​ចូល​កាន់តែ​ជិត​​ព្រះអាទិត្យ​​ដើម្បី​​ស្រាវជ្រាវ​

13-08-2018 4:40 pm 1184
រូបភាព​បង្ហោះ​យាន​អវកាស

​ទីភ្នាក់ងារ​អវកាស​ណា​សា​បានប្រកាសថា យានអវកាស​មួយគ្រឿង​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ ដែល​យាន​នេះ​នឹង​ចូលទៅ​ជិត​ព្រះអាទិត្យ​ជាង​យានអវកាស​បង្ហោះ​កាលពីមុន​។ យាន​នេះ​អាច​ទ្រាំទ្រ​នឹង​កម្ដៅ​ខ្លាំង​នៅពេលដែល​ចូល​ទៅជិត​ព្រះអាទិត្យ ដូច្នេះ​វា​អាច​ផ្ដល់​ភាពងាយស្រួល​បន្ថែមទៀត​ដល់​ក្រុម​អ្នកវិទ្យាសាស្ដ្រ ដើម្បី​សិក្សា​ពី​បរិយាកាស​ខាងក្រៅ​របស់​ព្រះអាទិត្យ ដែល​បង្កើតឲ្យមាន​ពន្លឺព្រះអាទិត្យ​។ 

Parker Solar Probe គឺជា​យានអវកាស​ដែលមាន​ទំហំ​ប៉ុន​រថយន្ដ​ធុន​តូច បាន​បង្ហោះ​ចេញពី​ស្ថានីយ​ក្នុង​រដ្ឋ Florida​សហរដ្ឋអាមេរិក កាលពី​ម៉ោង​៣​និង​៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ នឹង​ធ្វើដំណើរ​ចូលទៅ​ផ្នែក​ខាងលើ​នៃ​ព្រះអាទិត្យ ក្នុង​ចម្ងាយ​ជាង​៦០​លាន​គីឡូម៉ែត្រ​។ បើ​ប្រៀបធៀប​នឹង​យានអវកាស​បង្ហោះ​កន្លងមក យានអវកាស​ថ្មី​នេះ​អាច​ហោះចូល​កាន់តែ​ជិត​ព្រះអាទិត្យ គឺ​ជិត​ជាង​មុន​៧​ដង​។ យានអវកាស​នេះ​នឹង​បំពេញបេសកកម្ម​រយៈពេល​៧​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត