កូរ៉េខាងជើងកាលពីថ្ងៃសុក្របានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គួទែរ៉េសថា និយាយពាក្យសម្ដីមិនប្រុងប្រយ័ត្ន និងកំពុងដើរតាមគន្លងសហរដ្ឋអាមេរិក នៅពេលអំពាវនាវឲ្យដកហូតអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ លោកហ្គួទែរ៉េសបានចេញសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ដ្រីជប៉ុនលោកស៊ីនហ្ស៊ូ អាបេ ក្នុងទីក្រុងតូក្យូថ្មីៗនេះ ដោយកិច្ចជំនួបពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាមេរិក ឈានទៅលុបបំបាត់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។
ជុំវិញការលើកឡើងរបស់លោកហ្គួទែរ៉េសដូច្នេះ បេសកជនពិសេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបមួយផងដែរ។ មន្ដ្រីកូរ៉េខាងជើងនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ គួរតែធ្វើរឿងមានប្រយោជន៍សម្រាប់ស្ថានភាពបច្ចុប្បន្ន ដើម្បីស្វែងរកសន្ដិភាពនិងស្ថិរភាពសម្រាប់ឧបទ្វីបកូរ៉េ មិនមែនចាំតែនិយាយរឿងដាក់ទណ្ឌកម្មអ៊ីចឹងទេ។ សម្ដីដែលលោកហ្គួទែរ៉េសបាននិយាយ ហាក់មិនបានគិតគូរវែងឆ្ងាយ ហេតុនេះត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។
ក្រសួងការបរទេសកូរ៉េខាងជើងក៏ទើបបន្ទោស មន្ដ្រីអាមេរិកទទួលបន្ទុកកិច្ចការចរចាជាមួយកូរ៉េខាងជើងផងដែរ ដែលកំពុងប្រឆាំងគោលបំណងរបស់ប្រធានាធិបតីដូណាល់ ត្រាំ និងប្រឆាំងសេចក្ដីប្រកាសចេញក្រោយកិច្ចប្រជុំកំពូល រវាងលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២មិថុនា។
ក្រសួងបានបន្ថែមថា នឹងគ្មានការផ្លាស់ប្ដូរឈានទៅរកការរំលាយនុយក្លេអ៊ែរដាច់ខាត ប្រសិនបើអាមេរិកអនុវត្ដតាមការងារដែលហួសសម័យ និងនៅតែបន្ដអំពាវនាវឲ្យរក្សាទណ្ឌកម្មដាក់លើកូរ៉េខាងជើង។ ដរាបណាអាមេរិកបដិសេធកិច្ចការជាមូលដ្ឋានសម្រាប់ភាពជាដៃគូសន្ទនា និងព្យាយាមអនុវត្ដតាមកិច្ចការដែលគ្មានប្រយោជន៍ទៀតនោះ កុំសង្ឃឹមថាកូរ៉េខាងជើងធ្វើតាមការប្ដេជ្ញាចិត្ដក្នុងសេចក្ដីថ្លែងការណ៍រួមឲ្យសោះ៕