គ​.​ជ​.​ប ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​

11-08-2018 8:39 am 2837

​ដូច​ការគ្រោងទុក លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ហើយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា​។ 

​លទ្ធផល​បណ្តោះអាសន្ន បានឱ្យដឹងថា ចំនួន​អ្នកចូលរួម​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​ចំនួន​រហូត​ដល់ ៦,៩៥៦,៩០០​នាក់ ដែល​ស្មើនឹង ៨៣.០២​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​ទាំងអស់​។ 

​លទ្ធផល​បណ្តោះអាសន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ​ច្រើន​លើសលប់​រហូតដល់ ៤,៨៨៩,១១៣​សំឡេង​, គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិនប៉ិច ទទួលបាន​សំឡេង​គាំទ្រ ៣៧៤,៥១០​សំឡេង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ទទួលបាន​សំឡេង ៣០៩,៣៦៤​សំឡេង​។ 

​សូមបញ្ជាក់​ថា តាមរយៈ​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នេះ មិនទាន់​ឃើញ​មាន​ការបង្ហាញ​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា ដែល​គណបក្ស​នីមួយៗ​ទទួលបាន​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ការ​គណនា​តាម​រូបមន្ត ដែល​កំណត់​ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ គឺ​តាមរយៈ​សំឡេង​ដ៏​ច្រើន​លើសលប់​នេះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ទទួលបាន​អាសនៈ​ទាំងអស់​ចំនួន​១២៥ នៅក្នុង​រដ្ឋសភា​តែ​ម្តង​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ធ្លាប់​បាន​បញ្ជាក់ថា ក្រោយ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​រួច គ​.​ជ​.​ប នឹង​បើក​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ប្តឹងតវ៉ា ដែល​ធ្វើឡើង​តាម​នីតិវិធី ប្រសិនបើ​គ្មាន​បណ្តឹង​ទេនោះ លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ សីហា​នេះ​៕ 
 

ព័ត៌មានផ្សេងទៀត