អាមេរិកតាមរយៈមន្ដ្រីជាច្រើនរូប នៅតែអំពាវនាវឲ្យរក្សាទណ្ឌកម្មដាក់លើកូរ៉េខាងជើងដដែល លុះត្រាតែកូរ៉េខាងជើងព្រមរំលាយចោលនុយក្លេអ៊ែរទាំងស្រុង។ ជុំវិញបញ្ហានេះ កូរ៉េខាងជើងបានរិះគន់ធ្ងន់ៗដល់មន្ដ្រីអាមេរិក។ ក្រសួងការបរទេសកូរ៉េខាងជើងបន្ទោសថា មន្ដ្រីអាមេរិកទទួលបន្ទុកកិច្ចការចរចាជាមួយកូរ៉េខាងជើង កំពុងប្រឆាំងគោលបំណងរបស់ប្រធានាធិបតីដូណាល់ ត្រាំ និងប្រឆាំងសេចក្ដីប្រកាសចេញក្រោយកិច្ចប្រជុំកំពូល រវាងលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុនក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២មិថុនា។
ក្រសួងបានបន្ថែមថា នឹងគ្មានការផ្លាស់ប្ដូរឈានទៅរកការរំលាយនុយក្លេអ៊ែរដាច់ខាត ប្រសិនបើអាមេរិកអនុវត្ដតាមការងារដែលហួសសម័យហើយនោះ។ លោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុនបានឯកភាពសហការឆ្ពោះទៅរកការរំលាយនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ប៉ុន្ដែព័ត៌មានលម្អិតទាក់ទងនឹងដំណើរការនេះ កូរ៉េខាងជើងមិនបានប្រកាសជាសាធារណៈទេ។ ចំណែកអង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងជើងនៅតែបន្ដកម្មវិធីនុយក្លេអ៊ែរដដែល។
ដោយមិនឃើញការប្ដេជ្ញាចិត្ដពេញលេញ មន្ដ្រីអាមេរិកប្រកាសនឹងនៅតែដាក់សម្ពាធលើកូរ៉េខាងជើងដដែល ទាំងសម្ពាធសេដ្ឋកិច្ចនិងនយោបាយ។ ប៉ុន្ដែត្រូវក្រសួងការបរទេសកូរ៉េខាងជើងឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ថា ដរាបណាអាមេរិកបដិសេធកិច្ចការជាមូលដ្ឋានសម្រាប់ភាពជាដៃគូសន្ទនា និងព្យាយាមអនុវត្ដតាមកិច្ចការដែលគ្មានប្រយោជន៍ទៀតនោះ កុំសង្ឃឹមថាកូរ៉េខាងជើងធ្វើតាមការប្ដេជ្ញាចិត្ដក្នុងសេចក្ដីថ្លែងការណ៍រួមឲ្យសោះ។
នេះជាលើកទីមួយហើយដែលកូរ៉េខាងជើងរិះគន់អាមេរិក ចាប់តាំងពីមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរធ្វើឡើងនៅសិង្ហបុរី។ ការប្រើពាក្យសម្ដីរិះគន់ដូច្នេះ ក៏មានក្ដីបារម្ភកើតឡើង ខ្លាចកូរ៉េខាងជើងនិងអាមេរិកផ្ទុះភាពតានតឹងជាថ្មី ព្រោះធ្លាប់ជាគូសត្រូវចាស់នឹងគ្នាផង៕