មន្ត្រី​​គណបក្ស​​ប្រជាជន​​អស់​សំណើច​​នឹង​​សេចក្ដី​ថ្លែង​ការណ៍​​អតីត​​បក្ស​​សង្គ្រោះ​​ជាតិ​​

08-08-2018 6:16 pm 3096
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក​សុខ ឥសាន បាន​ចំអក​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​សេចក្ដី​ថ្លែង​កាណ៍​ថា ការស្បថ​ចូល​កាន់តំណែង​នៃ​រដ្ឋសភា​ថ្មី អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​០៥​កញ្ញា​ខាងមុខ ត្រូវ​ទទួល​ការបដិសេធ​យ៉ាង​ម៉ឺងម៉ាត់ និង​មិនត្រូវ​ទទួលស្គាល់​សោះឡើយ​ពី​សហគមន៍​អន្តរជាតិ​។ (​សេង បារាំង​) 

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍ គាំទ្រ​ចំពោះ​ការបញ្ជាក់​ជំហរ​របស់​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ និង​នូវែ​លសេ​ឡង់ ដែល​បាន​លើកឡើងថា ការបោះឆ្នោត​នៅ​កម្ពុជា មិនមាន​ភាពត្រឹមត្រូវ និង​មិនអាច​ជឿជាក់​បាន ព្រមទាំង​មិនមាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​អាច​ផ្ដល់​ភាពស្របច្បាប់​ចំពោះ​លទ្ធផល​នៃ​បោះឆ្នោត និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា កាន់តែ​ឃ្លាតឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​ស្របច្បាប់​។​

​ជាមួយគ្នានេះ​អតីត​គណបក្សប្រឆាំង​មួយ​នេះ ក៏​បានលើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ផងដែ​រថា រដ្ឋ​ឯក​បក្ស​ដែល​លោក​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ពង្រឹង​នៅ​ថ្ងៃទី​០៥ ខែកញ្ញា​ខាងមុខ ដោយ​ការស្បថ​ចូល​កាន់តំណែង​នៃ​រដ្ឋសភា​ថ្មី ត្រូវ​ទទួល​ការបដិសេធ​យ៉ាង​ម៉ឺងម៉ាត់ និង​មិនត្រូវ​ទទួលស្គាល់​សោះឡើយ​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ការផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ និង​អធម្មានុរូប នឹង​នាំឱ្យមាន​ការដាក់ទណ្ឌកម្ម​ផ្សេងៗ ហើយ​ការបន្ត​ដឹកនាំ​តាមរបៀប​ដូច​ឃើញជាក់ស្ដែង​របស់លោក​ហ៊ុន សែន នឹង​បន្ត​នាំ​តែ​ការឈឺចាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ​។​

​រីឯ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​ចំអក​ឱ្យ​សេចក្ដីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​រឿង​គួរឱ្យ​អស់សំណើច ដែលថា ការស្បថ​ចូល​កាន់តំណែង​នៃ​រដ្ឋសភា​ថ្មី​អាណត្តិ​ទី​៦ ខាងមុខនេះ​ខុសច្បាប់​។ លោក​សុខ ឥសាន បាន​បញ្ជាក់ថា ការស្បថ​ចូល​កាន់តំណែង​នៃ​រដ្ឋសភា​ថ្មី​អាណត្តិ​ទី​៦ គឺធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់ ហើយ​លោក​ឱ្យ​អតីត​គណបក្សប្រឆាំង​រង់ចាំ​មើល​រដ្ឋាភិបាល​ថ្មី ដំណើរការ​យ៉ាងណា​។ លោក​សុខ ឥសាន បាន​គូសបញ្ជាក់ថា ក្រោយពី​បង្កើត​រដ្ឋាភិបាល​ហើយ លោក​ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​នឹង ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាតិ តាម​ការអញ្ជើញ​ផងដែរ​…………

​សំឡេង​៖ 

​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​អតីត​គណបក្សប្រឆាំង ក៏បាន​អំពាវនាវ​ឱ្យមាន​ការលើក​យកមក​ប្រើ​នូវ​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ដែល​សហប្រធាន​នៃ​ស​ន្និសិទ​ទីក្រុង​ប៉ារីស​ស្ដីពី​ប្រទេស​កម្ពុជា ត្រូវ​ធ្វើការ​ប្រជុំពិភាក្សា​ជាបន្ទាន់ ក្នុង​គោលបំណង​ដើម្បី​អនុម័ត​នូវ​វិធានការ​សមស្រប​ទាំងឡាយ ដើម្បី​ធានា​ការគោរព​នូវ​ការប្ដេជ្ញាចិត្ត​អន្តរជាតិ និង​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភបំពាន​ដែល​ត្រូវបាន​កត់សម្គាល់​ទាំងនេះ ដោយ​សន្តិវិធី​។​

​ប៉ុន្តែ​លោក​សុខ ឥសាន វិញ​ថា រឿងនេះ​វា​មិន​អាចទៅរួច​ឡើយ ដោយ​លោក​ឱ្យ​កាប់​ថ្ម​ចំណាំ​ថា គ្មាន​សហប្រធាន​នៃ​ស​ន្និសិទ​ទីក្រុង​ប៉ារីស​ណា មក​កោះប្រជុំ​តាម​ការអំពាវនាវ​របស់​អតីត​គណបក្ស​ប្រឆាំង​ឡើយ​។ លោក​សុខ ឥសាន សង្កត់ធ្ងន់ថា វា​គ្មាន​ហេតុផល​អ្វី ត្រូវឱ្យ​សហប្រធាន​នៃ​ស​ន្និសិទ​ទីក្រុង​ប៉ារីស​មក​កោះប្រជុំ​ឡើយ​។​

​សូមបញ្ជាក់ថា កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ដែល​ការបោះឆ្នោត​នេះ ត្រូវ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី​បារាំង អង់គ្លេស និង​ប្រទេស​ដទៃទៀត បាន​ហៅ​ការបោះឆ្នោត​នៅ​កម្ពុជា មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទាំងមូល ដោយសារតែ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​នេះ​។ ការមិន​បង្ហាញ​ពី​ការគាំទ្រ​ការបោះឆ្នោត​ពី​សហគមន៍​អន្តរជាតិ​នេះហើយ ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថា ជា​ក្ដីសង្ឃឹម​សម្រាប់​អ្នក​គាំ និង​លោក​កឹម សុខា ប្រធាន​គណបក្ស​នេះ​៕

ព័ត៌មានផ្សេងទៀត