គ​.​ជ​.​ប ​លើក​លែង​​មិន​​ផាក​ពិន័យ​​លើ​​បុគ្គល​​២​នាក់​​ក្នុង​ចំណោម​​៥​​នាក់​​

08-08-2018 6:07 pm 1415
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប បានសម្រេច​លើកលែង​ការផាកពិន័យ​បុគ្គល​ចំនួន​២​នាក់ ក្នុងចំណោម​៥​នាក់ ដែល​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង សម្រេច​ផាកពិន័យ ក្នុង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុង​ម្នាក់ៗ​១០​លាន​រៀល កាលពី​ថ្ងៃទី​២៦ ខែកក្កដា កន្លងទៅ​។ (​សេង បារាំង​)

​ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ដឹកនាំ​ដោយ​លោក​ស៊ិក ប៊ុន​ហុក ជា​ប្រធាន នៅ​រសៀល​ថ្ងៃទី​០៨ សីហា​នេះ បានសម្រេច​ផាកពិន័យ​លើ​បុគ្គល​ម្នាក់​ចំនួន​១០​លាន​រៀល ដដែល និង​២​នាក់​ទៀត ធ្លាក់​មក​នៅត្រឹម​៥​លាន​រៀល​វិញ​។ ដោយឡែក​២​នាក់​ទៀត ត្រូវបាន​លើកលែង​ការផាកពិន័យ​។ 

​ការសម្រេច​ជាថ្មី​នៅពេលនេះ របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ធ្វើឡើង​ក្រោយពី​បាន​ស្ដាប់​ការលើកឡើង​របស់​មេធា​វី​តំណាង​ដោយ​អាណត្តិ​ចំនួន​៤​រូប មកពី​ដើមបណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ចំនួន​២​រូប តំណាងឱ្យ​ពលរដ្ឋ​៥​នាក់ ដែល​រង​បណ្ដឹង​នៅក្នុង​សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អាត បានលើកឡើង​ក្នុង​សវនាការ​ជំនុំជម្រះ ជាង​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​យ៉ាងណាក៏ដោយ​ការសម្រេច​នេះ​ត្រូវបាន​មេធាវី តំណាងឱ្យ​ពលរដ្ឋ​៥​នាក់ ដែល​រង​បណ្ដឹង​នៅក្នុង​សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អាត លោក​សំ សុខ​គង់ បាន​បញ្ជាក់ថា ការសម្រេច​លើកលែង​ការផាកពិន័យ​លើ​បុគ្គល​២​រូប ក្នុងចំណោម​៥​រូប លោក​ទទួលយកបាន តែ​បុគ្គល​៣​នាក់​ទៀត​នៅតែ​ទទួលរង​ភាពអយុត្តិធម៌​ដដែល​។ លោក​សំ សុខ​គង់ បាន​បញ្ជាក់ទៀតថា លោក​នឹងធ្វើ​ការប្ដឹង​ទាស់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ តាម​សំណើ​កូនក្ដី ……………

​សំឡេង​៖ 

​គួរ​បញ្ជាក់ថា សេចក្ដីសម្រេច​របស់ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង បានសម្រេច​ផាក ពិន័យ ទៅលើ​បុគ្គល​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ ចំនួន​១០​លាន​រៀល ពីបទ​ធ្វើឲ្យ​ភ័ន្ត​ច្រលំ នាំឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោ​ត​។ បុគ្គល​ទាំង​៥​រូបនោះ​រួម​មានឈ្មោះ ជា ជីវ ថោង សារឿន ម៉ា​ង ឈុន ពៅ តាំង និង គ្រុយ គឹម​សាំង​។ ប៉ុន្តែ​បុគ្គល​ចំនួន​៥​នាក់​នេះ មិន​ព្រម​ទទួលយក​សេចក្ដីសម្រេច​នេះ​ទេ ក៏​សម្រេច​ប្ដឹង​ជំទាស់​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប តែម្ដង​៕ 

 ពាក្យគន្លឹះ  គជបម្រាមដៃស្អាត

ព័ត៌មានផ្សេងទៀត