រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ប្រើ​ថវិកា​ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ដែររឺទេ​?

08-08-2018 5:54 pm 1650
  ស្តាប់
ស្តាប់ជាសំឡេង

បញ្ហា​កំណើន​សំរាម និង​ថង់​ផ្លាស្ទិ​ក​បានក្លាយជា​បញ្ហា​ប្រឈម​ដែល​មជ្ឈដ្ឋាន​ទូទៅ​រិះគន់ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ខ្វះ​ដំណោះស្រាយ ដោយឡែក​ភាគី​អាជ្ញាធរ​បាន​បញ្ជាក់ថា មាន​កត្តា​រួមផ្សំ​ច្រើន​បូករួម​នឹង​កំរិតយល់ដឹង​របស់​ព​ល​រដ្ឋ​ផងដែរ​។ ហេតុនេះហើយ រោងចក្រ​កែច្នៃ​សំរាម​បាន​ក្លាយជា​ប្រធានបទ​ក្តៅ ដែល​ពលរដ្ឋ​ចោទសួរ​លើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ថា​តើ​នឹង​ប្រើ​ថវិការដ្ឋ​ក្នុង​ការបង្កើត​រោងចក្រ​កែច្នៃ​សំរាម​រឺ​យ៉ាងណា​? ជា​ការឆ្លើយតប មន្ត្រី​បរិស្ថាន​បាន​បញ្ជាក់ថា រោងចក្រ​កែច្នៃ​ដែល​បង្កើតឡើង​ដោយ​រដ្ឋ​នឹងមិន​អាចទៅរួច​ឡើយ​។ 

សំរាម​ជា​បញ្ហា​ដែល​ពិបាក​នឹង​ដោះស្រាយ ខណៈដែល​គម្រោង​កែច្នៃ​សំរាម​គ្រាក់ៗ​មិនទាន់​អាច​ដំណើរការបាន​នៅឡើយ​។ គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន​មួយ​មាន​គម្រោង​បោះទុន​វិនិយោគ​ក្នុង​ការកែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី ដែល​ត្រូវ​ចំណាយ​ថវិការ​ប្រមាណ ១២០​លាន​ដុល្លារ​អាមេរិក​និង​ត្រូវការ​សំរាម​កែច្នៃ​ប្រមាណ​២០០០​តោន​ក្នុង​មួយថ្ងៃ​។ តែ​គម្រោង​នោះ​ក៏​ហាក់​ស្ងប់ស្ងាត់​ទៅវិញ ដែល​ធ្វើឲ្យ​ពលរដ្ឋ​មួយចំនួនចោទ​ជា​សំណួ​រថា តើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី នឹង​ប្រើ​ថវិការដ្ឋ​ក្នុង​ការបង្កើត​រោងចក្រ​កែច្នៃ​សំរាម​ដោយ​ខ្លួនឯង​រឺ​យ៉ាងណា​?

​តប​នឹង​ចម្ងល់​នេះ លោក​ហេង ណា​រ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា រោងចក្រ​កែច្នៃ​សំរាម​ដែល​បង្កើត​ដោយ​រដ្ឋ​ផ្ទាល់​នឹងមិន​អាចទៅរួច​ទេ ព្រោះ​រដ្ឋ​ពុំ​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង ក៏ដូចជា​បង្កើត​រោងចក្រ​កែច្នៃ​ដោយ​ខ្លួនឯង​។ លោក​ថា​រដ្ឋ​នឹង​លើកទឹកចិត្ត​ឲ្យដៃ​គូរ​ឯកជន​ជា​អ្នកធ្វើ​វិញ ដោយ​រដ្ឋ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ខ្លះ និង​អនុញ្ញាត្តិ​ឲ្យមាន​ការរួចពន្ធ​សម្រាប់ស​ម្ភា​រៈដែល​នាំចូល​សម្រាប់​ផលិតកា​រ​កែច្នៃ​...

សំឡេង​លោក​ហេង ណា​រ៉េត​៖

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​រូបនេះ បាន​បន្ថែមទៀតថា​កន្ល​ង​មក មិនមែន​មានតែ​ក្រុមហ៊ុន​ចិន​មួយ​ទេ​ដែល​ចរចា​រឿង​គម្រោង​វិនិយោគ​រោងចក្រ​កែច្នៃ​សំរាម​ឲ្យទៅជា​ថាមពលអគ្គិសនី​នៅ​កម្ពុជា​។ លោក​ថា​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ក៏បាន​ជជែក​វែកញែក​ពី​គម្រោង​នោះ​ដូចគ្នា ក៏ប៉ុន្តែ​មកទល់ពេលនេះ​មានតែ​ការសិក្សា​ប៉ុណ្ណោះ ចំពោះ​ការអនុវត្ត​វិញ​នៅ​មិនទាន់មាន​នៅឡើយ ពីព្រោះ​តែ​ការពិភាក្សា​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ទី​១ ម្ចាស់​គម្រោង​នីមួយៗ​នឹង​លក់​លទ្ធផល​ថាមពល​អគ្គិសនី​ក្នុងតម្លៃ​ខ្ពស់​ពេក ទី​២​ក្រុមហ៊ុន​វិនិយោគ តម្រូវឲ្យ​ពលរដ្ឋ​បង់​ឈ្នួល​ថ្លៃ​ដឹក ហើយ​ការចំណាយ​លើ​ការដឹក​គឺ​កើនឡើង​ដល់​៥​ដង​បើ​ធៀប​នឹង​ធម្មតា​។ ទី​៣​សំរាម​សម្រាប់​កែច្នៃ សើម​ដល់​៨០% ដែល​ទាមទារ​ឲ្យ​សំងួត​មុននឹង​ចូលក្នុងឡ ដូច្នេះ​ការវិនិយោគ​ក៏​កាន់តែ​ខ្ពស់ ដែល​ពិបាក​នឹង​អនុវត្ត​។​

គួរ​បញ្ជាក់ថា​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយថ្ងៃៗ មាន​សំរាម​ប្រមាណ​ជិត​២​ពាន់​តោន ត្រូវបាន​ចាក់​ស្រោច​នៅតាម​ទីតាំង​ចាក់សំរាម​ផ្សេងៗ ដែល​បរិមាណ​នៃ​សំរាម​នេះ​បាន​ក្លាយជា​ក្តីកង្វល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ សំរាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​អាច​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន បញ្ហា​កង្វក់​បរិស្ថាន ការបំភាយ​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ដែល​ប៉ះពាល់​ផ្ទាល់​ដល់​ការប្រែប្រួល​អាកាសធាតុ និង​ការកើនឡើង​កម្តៅ​ផែនដី​ជាដើម​៕​

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត