គណបក្ស​ខ្មែរ​ក្រោក​ប្តឹង​លោក​សុខ ទូច ទាមទារ​សំណង​ជម្ងឺ​ចិត្ត​១០០​លាន​រៀល​

07-08-2018 4:56 pm 3667
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​គណបក្ស​ខ្មែរ​ក្រោក បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​០៧ សីហា​នេះ ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សារ​ធា​រណៈ​។​

​លោក ព្រហ្ម ពិសិដ្ឋ ប្រធានកិត្តិយស​គណបក្ស​ខ្មែរ​ក្រោក បាន​ប្រាប់​វិទ្យុ​វាយោ​ថា ការ​ដាក់ពាក្យ​ប្តឹង​នេះ ដោយសារតែ​លោក​សុខ ទូច បាន​ជ្រៀតជ្រែក​លើ​កិច្ច​ការងារ​រដ្ឋាភិបាល និង​បាន​ប្រើ​ពាក្យសម្តី​ញុះញង់​ដែល​នាំឲ្យ​មាន​ការរើសអើង​។ ពាក្យបណ្តឹង គណបក្ស​ខ្មែរ​ក្រោក បាន​ប្តឹង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ពី​លោក​សុខ ទូច ចំនួន​១០០​លាន​រៀល​។​

​គណបក្ស​ខ្មែរ​ក្រោក​បាន​ផ្ទុះ​ប្រតិកម្ម​នឹង​សម្តី លោក​សុខ ទូច ដែល​និយាយថា គួរ​ចាប់​មេ​ផ្តើមគំនិត​ធ្វើ​យុទ្ធ​ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​ទាមទារ​កោះត្រ​ល់ពី​វៀតណាម បញ្ចូល​គុក​។ 
​ជុំវិញ​បញ្ហា​នេះ លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់​បាន​បញ្ជាក់ថា លោក​មិន​ចាប់អារម្មណ៍​ជាមួយ​គណបក្ស​តូចតាច​នេះ​ទេ​។ ដោយឡែក ការប្តឹង​គឺជា​សិទ្ធិ​របស់​គណបក្ស ហើយ​លោក​រងចាំ​ដើរ​តាម​ក្រោយ និង​ទុកឲ្យ​ច្បាប់​ជា​អ្នក​ដោះស្រាយ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា គណបក្ស​ខ្មែរ​ក្រោក បានប្រកាសថា នឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចំនួន​៥​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​០៨ សីហា ដើម្បី​ដាក់​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្នុងការ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ចរចា​ទាមទារ​កោះត្រ​ល់ពី​វៀតណាម​មក​វិញ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត