ការនាំចេញ​អង្ករ​​របស់​​កម្ពុជា​ ក្នុង​រយៈពេល​​៧​ខែ​​ឆ្នាំនេះ ​បន្ត​ធ្លាក់ចុះ​​

06-08-2018 2:52 pm 2132
  ស្តាប់
ស្តាប់ជាសំឡេង

​យោង​លើ​របាយការណ៍​ផ្លូវ​ការណ៍ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ដែល​ទើបនឹង​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៦ សីហា ឆ្នាំ​២០១៨​នេះ ឲ្យដឹងថា ក្នុង​រយៈពេល​៧​ខែ ឆ្នាំនេះ ការនាំចេញ​អង្ករ របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ជាង​៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ របាយការណ៍​បាន​បញ្ជាក់ថា គិត​ចាប់ពី​ខែ​មករា ដល់ ខែកក្កដា ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ បាន​ចំនួន​២៩៧,០៨០​តោន ខណៈ​ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ ៣១៥,៩១៦​តោន​។​

​មន្ត្រី​ក្រសួងកសិកម្ម បាន​ប៉ាន់ប្រមាណ​ថា ការធ្លាក់ចុះ​នេះ ដោយសារតែ​វិស័យ​ឯកជន​ខ្វះ​ស្រូវ​កិន​ជា​អង្ករ សម្រាប់ធ្វើ​ការនាំចេញ ព្រោះតែ​រោង​ម៉ាស៊ីន​កិនស្រូវ មិនអាច​ទិញស្រូវ​ស្ដុក​ទុក​បាន​ពេញ​១​ឆ្នាំ​។​ប៉ុន្ដែ​មានការ​រំពឹងថា នៅ​ខែ​ខាងមុខនេះ ការនាំចេញ​នឹង​ស្ទុះ​ឡើងវិញ ព្រោះ​ជា​រដូវ​ប្រមូល​ផល​។​

​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​បរទេស​បាន​ជាង​៦០​ម៉ឺន​តោន​។ ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​មាន​ចំនួន​៥៦​ប្រទេស ក្នុងនោះ​ចិន​ជា​ប្រទេស​ដែល​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ រហូតដល់​៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ក្រៅពី​ប្រទេស​ចិន គឺ​សហភាព​អ៊ឺរ៉ុប និង​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​នៅតែ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ប្រហាក់ប្រហែលគ្នា​៕


 ពាក្យគន្លឹះ  ការនាំចេញអង្ករ

ព័ត៌មានផ្សេងទៀត