របាយការណ៍​UN៖​​កូរ៉េខាងជើង​​កំពុង​បន្ដ​​អភិវឌ្ឍ​​កម្មវិធី​​មី​ស៊ី​ល​​និង​នុយក្លេអ៊ែរ​​ដដែល​

04-08-2018 2:49 pm 1228
  ស្តាប់
រូបភាព​​ការធ្វើតេស្ដ​​មីស៊ីល​កូរ៉េខាងជើង​
ស្តាប់ជាសំឡេង

​តាម​របាយការណ៍​ដែល​ទុកចិត្ដបាន​របស់​អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា នៅតែ​បន្ដ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល បំពាន​លើ​ទណ្ឌកម្ម​អន្ដរជាតិ​។ របាយការណ៍​ដែល​ប្រគល់ឲ្យ​សារព័ត៌មាន​CNN​កាលពី​ថ្ងៃ​សុក្រ រៀបចំ​ដោយ​អ្នកជំនាញ​ឯករាជ្យ​។ ក្រុម​អ្នកជំនាញ​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​រៀងរាល់​៦​ខែម្ដង ដែល​ក្រុមប្រឹក្សា​នេះ​ជា​គណៈកម្មាធិការ​ទទួល​បន្ទុក​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង​។​

​របាយការណ៍​បាន​និយាយថា កូរ៉េខាងជើង​កំពុង​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម ហើយ​បន្ដ​លក់​អាវុធ​តាម​ធម្មតា​បញ្ឆេះ​អំពើហិង្សា​។ របាយការណ៍​ហាក់​បញ្ជាក់​ពី​ព័ត៌មាន​ដូចគ្នា​និង​កាសែត​Washington Post​បាន​ចុះផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ​ថា កូរ៉េខាងជើង​អាច​កំពុង​បន្ដដំណើរ​ការផលិត​មី​ស៊ី​ល​ប្រភេទ​ថ្មី​។ ការចុះផ្សាយ​សម្អាង​លើ​ព័ត៌មាន​ទើប​ទទួលបាន និង​ផ្អែកលើ​រូបភាព​ចាប់បាន​ដោយ​ផ្កាយរណប ដែល​បង្ហាញ​ពី​សកម្មភាព​របស់​កូរ៉េខាងជើង ទំនងជា​កំពុង​ផលិត​អ្វីមួយ​។​

​របាយការណ៍​អង្គការសហប្រជាជាតិ​បង្ហាញ​នៅពេលនេះ ក៏​ស្របពេល​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ កំពុង​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​។ នៅ​ទីនោះ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន បន្ដ​គាំទ្រ​ការ​សម្ពាធ​លើ​កូរ៉េខាងជើង រហូតដល់​រដ្ឋ​មួយ​នេះ​អនុវត្ដ​តាម​ការសន្យា ព្រម​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ 

​របាយការណ៍​អង្គការសហប្រជាជាតិ​បង្ហាញ​ឲ្យដឹងទៀតថា ទីក្រុង​ព្យុងយ៉ាង​បាន​បំពាន​លើ​បម្រាម​អន្ដរជាតិ​ដាក់​លើ​ខ្លួន​កាលពី​ឆ្នាំមុន ដោយ​ហ៊ាន​នាំចូល​ប្រេង​ឆៅ​និង​ធ្យូងថ្ម​យ៉ាង​ព្រហើន​។ កូរ៉េខាងជើង​ទទួលយក​ប្រេង​ចម្រាញ់​រួច​ពី​ឈ្មួញ​តាមរយៈ​ការផ្ទេរ​ពី​កប៉ាល់​ទៅ​កប៉ាល់​នៅក្នុង​សមុទ្រ ចំនួន​ប្រមាណ​៥​សែន​បារ៉ែល ក្រៅពីនេះ​ក៏មាន​ប្រេង​ឆៅ​និង​ធ្យូងថ្ម​ផងដែរ​។ ក្រុម​ស៊ើបការណ៍​សម្ងាត់​បាន​បញ្ជូន​ព័ត៌មាន​និង​រូបភាព ទៅឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ ជា​អ្នកទទួលបន្ទុក​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រួចហើយ​។​

​គួររម្លឹកថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ប្រធានាធិបតី​អាមេរិក ព្រម​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​ពីគ្នា​។ ក្រោយពី​ការសន្យា ក៏មាន​ព័ត៌មាន​ចុះផ្សាយ​ថា​កូរ៉េខាងជើង​កំពុង​អនុវត្ដ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ផងដែរ​។ លោក​ដូណាល់ ត្រាំ​វិញ​បង្ហាញ​ភាព​ជឿជាក់ថា មិនយូរ​មិនឆាប់​កូរ៉េខាងជើង​នឹង​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។ ប៉ុន្ដែ​បណ្ដា​ប្រទេស​មួយចំនួន​នៅតែមាន​មន្ទិល ខ្លាច​កូរ៉េខាងជើង​មិន​ធ្វើតាម​ការប្ដេជ្ញាចិត្ដ​។ ជាក់ស្ដែង​ខ្លាច​កូរ៉េខាងជើង​រំលោភ​លើ​កិច្ចព្រមព្រៀង ដូច​ព័ត៌មាន​ដែល​បាន​លេចលឺ​នៅពេលនេះ​អ៊ីចឹង​។ ដូច្នេះ​ទើប​អាមេរិក​និង​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ទទូច​ឲ្យ​បន្ដ​រក្សា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត