គ.ជ.បអះអាងថា LDP បានចោទប្រកាន់មន្រ្តីខ្លួនផ្ទុយពីការពិត

04-08-2018 9:21 am 5526
  ស្តាប់
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ។ (រូបថតពី RFI)
ស្តាប់ជាសំឡេង

ក្នុងសេចក្តីបំភ្លឺរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី០៣ ខែសីហាបានបញ្ជាក់ថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានចោទប្រកាន់មន្រ្តី គ.ជ.ប ដោយគ្មានភស្តុតាង ។ គ.ជ.ប អះអាងថា មកទល់នឹងពេលនេះ គ.ជ.ប នៅមិនទាន់ទទួលបានពាក្យបណ្តឹង ឬព័ត៌មានណាមួយទាក់ទងនឹងករណីដែលលោកខឹម វាសនា បានលើកឡើងថា គ.ជ.ប បានរួមគំនិតជាមួយអាជ្ញាធរ គាបសង្កត់ភ្នាក់ងារគណបក្សនយោបាយ ដែលសង្កេតមើលកាបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតទេ ។ គ.ជ.ប បញ្ជាក់ថា នឹងស្រាវជ្រាវ ប្រសិនបើ LDP មានភស្តុតាង និងព័ត៌មានគ្រប់គ្រាន់ ។

ជាមួយគ្នានេះ ការលើកឡើងរបស់លោក ខឹម វាសនា ដែលបានថ្លែងថា ភ្នាក់ងារគណបក្សនយោបាយ ត្រូវបានប្រធានការិយាល័យបោះឆ្នោត បង្ខំឱ្យចុះហត្ថលេខាលើទម្រង់ ១១០១ និងទម្រង់១១០២ មុនដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងមានការចាប់វាយខ្នោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដោយសារមិនចុះហត្ថលេខា ។ គ.ជ.ប បានហៅការលើកឡើងនេះ គឺជាការនិយាយបំភ្លើស និងបានអះអាងថា ការចុះហត្ថលេខាលើទម្រង់ ១១០១ និងទម្រង់១១០២ មិនមែនជាការចាប់បង្ខំឡើយ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ។

ជាងនេះទៅទៀត គ.ជ.ប បានទាមទារឱ្យលោកខឹម វាសនា បំភ្លឺ ទាក់ទងនឹងការលើកឡើង អំពីតួលេខនៃអ្នកទៅបោះឆ្នោត ដែលមានចំនួនយ៉ាងច្រើនបំផុតត្រឹមតែ ៧០%ប៉ុណ្ណោះ ខណៈតួលេខដែលបានមកពីគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ មានចំនួន ៨២,៨៩% ។ 

និងមួយចំណុចទៀត គ.ជ.ប អះអាងថា ពិតជាមានមន្រ្តីការិយាល័យបោះឆ្នោតមួយចំនួនតូច បានអនុវត្តមិនល្អចំពោះករណីថតរូបសកម្មភាពដំណើរការរាប់សន្លឹកឆ្នោត តែក្រោយមានអន្តរាគមន៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សកម្មភាពថត ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតាឡើងវិញ មិនដូចអ្វីដែលលោកខឹម វាសនា លើកឡើងថា មានការហាមឃាត់មិនឱ្យថតនោះឡើយ ។

សេចក្តីបំភ្លឺដដែលបញ្ជាក់ថា គ.ជ.ប បានទទួលបណ្តឹងពី LDP ចំនួន ២.៥៩២ ក្នុងនោះបណ្តឹងដែលពាក់ព័ន្ធនឹងគំនូសសញ្ញានៅលើសន្លឹកឆ្នោតមានរហូតដល់ទៅ ២.៤៩៣ បណ្តឹង ហើយបណ្តឹងដែលពាក់ព័ន្ធនឹងការផ្តន្ទាទោសមានចំនួន ត្រឹមតែ ៩៩បណ្តឹង សម្រាប់៩៩ការិយាល័យ នៃការិយាល័យបោះឆ្នោតសរុបចំនួន ២២.៩៦៧ ។ គ.ជ.ប អះអាងថា ការលើកឡើងរបស់លោក ខឹម វាសនា មិនបានឆ្លុះបញ្ចាំងពីការពិតនៃបណ្តឹង ដែលភាគច្រើនលើសលុប លោកបានប្តឹងពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត ។

គ.ជ.ប បញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតដែលមិនចេញពី គ.ជ.ប មិនមែនជាព័ត៌មានផ្លូវការទេ ហើយគ.ជ.ប មិនទទួលខុសត្រូវចំពោះការផ្សព្វផ្សាយទាំងនោះទេ ៕ 

ព័ត៌មានផ្សេងទៀត