ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឲ្យ​ធុរជន​ចិន​វិនិយោគ​លើ​ផលិតផល​កសិកម្ម​នៅ​ខេត្ត​បាត់ដំបង​

03-08-2018 5:26 pm 1587
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ពិភាក្សារ​ការងារ រវាង​លោក ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជាមួយ លោក យ៉ាង  គ័​រពីង ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណា​ន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី ០២ ខែ​សីហា ២០១៨​។​លោក ប៉ាន សូរ​ស័ក្តិ បាន​ស្នើរ​ឱ្យ​ប្រតិភូ​ចិន ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម នៅក្នុង​ខេត្ត​បាត់ដំបង សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។

​​នៅក្នុង​ឱកាស​នោះ​ដែរ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​លើកឡើង​នូវ​សំណើ លើ​ការសិក្សា​លទ្ធភាព ពង្រីក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ នៅក្នុង​ខេត្ត​បាត់ដំបង និង​ការពិនិត្យ​ទៅ​លើ​សក្តានុពល​នៃ​ដំណាំ​ផ្សេងៗ ដូចជា ស្វាយ មៀន ពោត និង​ដំឡូង​មី​ដែល​អាច​កែច្នៃ​ជា​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​ផងដែរ ។​

​លើសពីនេះទៅទៀត លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សក្តានុពល​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់  ដោយ​ខេត្ត​នេះ​មាន​កំពង់ផែ​ទឹក​ជ្រៅ និង​កំពង់ផែ​ពហុ​បំណង ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ប្រមូលផ្តុំ​ទៅដោយ​រោងចក្រ​តូចធំៗ​ជាង​១០០​ក្រុមហ៊ុន សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។​

​ជា​ការឆ្លើយតប លោក យ៉ាង គ័​រពីង ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណា​ន​នៃ​ប្រទេស​ចិន បាន​ថ្លែងអំណរគុណ ដល់​លោក ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន និង​ទស្សន​:​ល្អៗ ទាក់ទិន​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​កាលានុវត្តភាព​នៃ​ការវិនិយោគ លើ​ដំណាំ​សក្តានុពល​ផ្សេងៗ​នៅ​កម្ពុជា​។​

​លោក យ៉ាង គ័​រពីង ក៏​បាន​សន្យា​នឹង​នាំ​យក​ព័ត៌មាន​ទាំងអស់​នេះ​ទៅ​ពិភាក្សា​បន្ត ហើយ​លោក​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា​ម្តងទៀត ព្រមទាំង​បន្ត​ផ្សព្វផ្សាយ ដល់​សមាគម​ធុរជន និង​វិនិយោគិន នៅក្នុង​ខេត្ត​ហ៊ូ​ណាន ដើម្បី​ឱ្យ​ចូល​មក​បណ្តាក់​ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា​បន្ថែម​ទៀត សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​៕

ព័ត៌មានផ្សេងទៀត