កម្ពុជា​នឹង​នាំ​ផ្លែ​ចេកទៅកាន់​ទីផ្សារ​ប្រទេស​ចិន​លើកដំបូងនៅ​ចុង​ខែសីហា

03-08-2018 5:02 pm 1512

កម្ពុជា​នឹង​នាំចេញ​ផលិតផល​ផ្លែ​ចេក ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​លើកដំបូង នៅ​ចុង​ខែសីហា​ឆ្នាំ​២០១៨​នេះ​។ ការយល់ព្រមឲ្យនាំ​ផលិតផល​ផ្លែ​ចេក​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​កម្ពុជា និង​ភាគី​ចិន បាន​ចុះហត្ថលេខា លើ​ពិធីសារ ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំ​ចេក​កម្ពុជា ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃទី​៣ ខែសីហា​ឆ្នាំ​២០១៨​។

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា កម្ពុជា​កំពុងតែ​រៀបចំ​នីតិវិធី​ក្នុងការ​វេច​ខ្ចប់ និង​បង្កើន​ការដាំដុះ​ផលិតផល​ផ្លែ​ចេក ឲ្យស្រប​តាម​ស្ដង់ដារ​ភូតគាម​អនាម័យ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នា​ចុងឆ្នាំ​២០១៨​នេះ​។ នៅ​ក្នុងនោះ កម្ពុជា​ត្រូវគោរព​តាម​លក្ខខណ្ឌ​ទាំងអស់ ដែល​បានចែង​ក្នុង​ពិធីសារ ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ទើប​អាច​នាំ​ផ្លែ​ចេក​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន​។ 

​សារព័ត៌មានកម្ពុជា បានដកស្រង់ប្រសាសន៍របស់លោកស្រី វុទ្ធី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បញ្ជាក់ថា ក្នុង​ជំហាន​ដំបូង​នេះ ផ្លែ​ចេក​ដែល​ត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ធ្វើឡើង​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្ដែ​នឹង​នាំចេញ​ក្នុង​ចំនួន​ច្រើន នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ ដោយសារតែ​មាន​ក្រុមហ៊ុន​មួយចំនួន​បានដឹង អំពី លក្ខខណ្ឌ និង​បែបបទ​តម្រូវការ​របស់​ចិន​។​

​គួរ​ជម្រាបជូន​ថា យោងតាម​របាយការណ៍ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ចេក​ចំនួន ២៦,៧៦០ ហិកតា និង​មាន​ផលិតផល​ចេក​ប្រហែល​៣៥០​ពាន់​តោន ដែល​ផលិតផល​មួយចំនួន​បាន​ប្រើប្រាស់ ផលិតផល​ក្នុងស្រុក និង​មួយចំនួនទៀត​ដាំ​ដុះ​នៅក្នុង​កសិដ្ឋាន​ក្រុមហ៊ុន​ធំៗ ដើម្បី​នាំចេញ​៕ 

 

 ពាក្យគន្លឹះ  ផ្លែចេក

ព័ត៌មានផ្សេងទៀត