ពន្ធដារ ថា​ខ្លួន​​មិនបាន​ប្តឹង​ទៅ​ACU​​រឿង​​ប្រធាន​អាដហុក​​គេចវេស​​មិន​បង់ពន្ធ​​ទេ​

03-08-2018 11:07 am 1840

​​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីបំភ្លឺ​មួយ​នៅ​ថ្ងៃទី​០២ សីហា ច្រានចោល​ព័ត៌មាន​ដែល​ផ្សាយ​នៅ​វិទ្យុ​អាស៊ីសេរី​កន្លងមក ថា ស្ថាប័ន​នេះ បាន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ករណី​ប្រធាន​សមាគម​អាដហុក (ADHOC) លោក ធន សា​រ៉ា​យ និង​ភរិយា គេចវេស​មិន​បង់ពន្ធ​ជូន​រដ្ឋ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ ថា​ការផ្សាយ​នេះ​ធ្វើឲ្យមាន​ការភាន់ច្រឡំ និង​មាន​ចេតនា​ទម្លាក់កំហុស​មក​លើ​ស្ថាប័នរដ្ឋ និង​ថ្នាក់ដឹកនាំ​។​

​សេចក្តីបំភ្លឺ​ដដែល​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់ មិនមាន​ចេតនា​នយោបាយ ឬ​ចេតនា​ផ្លូវច្បាប់​ណាមួយ ដើម្បី​រក​លេស​ក្នុង​បំណង​បង្អាក់​សកម្មភាព​ការងារ របស់​សមាគម និង​សារព័ត៌មាន​ឯករាជ្យ ដូច​ការចោទប្រកាន់​នាពេល​កន្លងមក​នោះទេ​។​

​យ៉ាងណា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ឱម យិនទៀង ធ្លាប់បាន​អះអាងថា អង្គភាព​របស់លោក​មិនមាន​សមត្ថកិច្ច​ដើម្បី​ស៊ើបអង្កេត​លើ​ពាក្យបណ្តឹង ដែលថា​ប្រធាន​អង្គការ​អាដហុក​និង​ភរិយា គេចវេស​ពី​ការបង់ពន្ធ​លើ​ថ្លៃ​ជួល​ផ្ទះ​នោះឡើយ​។ 

​គួរ​ជំរាបជូន​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានទទួល​ពាក្យបណ្តឹង​មួយ​ចុះ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០១៨​ថា ប្តី​ប្រពន្ធ​លោក​ធន សា​រ៉ា​យ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​មិន​បង់ប្រាក់​ពន្ធ​ថ្លៃ​ជួល​ផ្ទះ ឬ​ពន្ធ​កាត់​ទុក ជូន​រដ្ឋ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។ 

​ក្រោយ​បែកធ្លាយ​បណ្ដឹង​ខាងលើ សមាគម​អាដហុក បាន​សម្ដែង​ការសោកស្តាយ និង​ងឿងឆ្ងល់ ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​មិនបាន​ជជែក​ដោះស្រាយ​ផ្ទាល់​ជាមួយ​សមាគម​អាដហុក ប៉ុន្តែ​បែរជា​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​ចាត់ការ​ទៅលើ​ករណី​បញ្ហា​ជួល​ផ្ទះ ដែល​វា​មិនមែន ជា​ករណី​ពុករលួយ​នោះ​ទៅវិញ​។​

​សូមបញ្ជាក់ថា នេះ​គឺជា​ករណី​ចុងក្រោយ​បំផុត ដែល​បាន​កើតឡើង​ទៅលើ​សមាគម​ការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​នៅ​កម្ពុ​ជាមួយនេះ បន្ទាប់ពី​ករណី​ចាប់ខ្លួន​មន្ត្រី​អាដហុក​៤​នាក់ និង​អតីត​បុគ្គលិក​របស់ខ្លួន​ម្នាក់ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី កញ្ញា ខុម​ចាន់​តារា​ទី ហៅ​ស្រីមុំ ក្នុង​រឿងអាស្រូវ​ស្នេហា ជាមួយ​លោក​កឹម សុខា កាលពី​ខែមេសា ឆ្នាំ ២០១៦​។ លោក​ធន សា​រ៉ា​យ ដែលជា​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា តាំងពី​ពេល​នោះមក នៅ​មិនទាន់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅឡើយ​ទេ​៕

 ពាក្យគន្លឹះ  ពន្ធដារអាដហុក

ព័ត៌មានផ្សេងទៀត