វប្បធម៌លាបពណ៌នយោបាយនិងការចោទប្រកាន់គ្នាក្នុងក្របខណ្ឌនៃនិន្នាការនយោបាយនៅតែពេញនិយម សម្រាប់សង្គមខ្មែរបើទោះបីជាសង្គមមួយនេះ ធ្លាប់រងគ្រោះកាលពីអតីតកាលក្តី។ថ្មីៗក្រោយការបោះឆ្នោតជាតិ នីតិកាលទី៦ ចលនានៃការលាបពណ៌រវាងប្រជាជនខ្មែរគ្នាឯង ត្រូវបានគេមើលឃើញថា លេចឡើងស្ទើគ្រប់តំបន់ដែលបង្កជាក្តីបារម្ភ។តើហេតុអ្វីបានជា«វប្បធម៌លាបពណ៌គ្នានៅតែបន្តមាននៅកម្ពុជា»? សូមស្តាប់បទវិភាគដោយ គួន សំបូរ
បើទោះបីជាកម្ពុជាជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យជាង២ទស្សវត្សក្តី តែជាងពីរទសវត្សមកនេះរូបភាពនៃការប្រកួតប្រជែងខាងផ្នែកនយោបាយ បានកើនចេញជាហូរហែ ជាពិសេស វប្បធម៌លាបពណ៌នយោបាយរវាងខ្មែរគ្នាឯង។វប្បធម៌ដ៏អាក្រក់មួយនេះគេមើលឃើញថា នៅតែបន្តតាមលងបន្លាច និង គំរាមគំហែងដល់ដំណើរការអភិវឌ្ឍនៃសង្គមខ្មែរ មកដល់ពេលនឹងសព្វថ្ងៃ។
ថ្មីៗក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គេឃើញមានចលនានៃការលាបពណ៌របស់ប្រជាជនខ្មែរគ្នាឯង បានលិចឡើងស្ទើគ្រប់តំបន់ក្នុងប្រទេសកម្ពុជា តាមរយៈសំគាល់ចង្អុលដៃ។ ចង្អុលដៃ មានន័យថា ពលរដ្ឋមិនមានចង្អុលដៃប្រលាក់ទឹកខ្មៅឬមិនបានទៅបោះឆ្នោត ត្រូវបានចាត់ទុកជាអ្នកប្រឆាំងហើយប្រជាជនទាំងនោះ នឹងត្រូវបានអាជ្ញាធរផាត់ទុកមួយដុំ និង ឃ្លាំមើលយ៉ាងតឹងរឹងនេះបើតាមការប្រាប់ឱ្យដឹងរបស់ពលរដ្ឋ។ រូបភាពបែបនេះ បង្កជាក្តីបារម្ភដល់សង្គមខ្មែរ។
ទំនងជាមើលឃើញយ៉ាងដូច្នេះហើយ បានជារាជរដ្ឋាភិបាលខ្មែរ បានទទូចដល់ប្រជាពលរដ្ឋ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំធ្វើការចោទប្រកាន់ ឬលាបពណ៌គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត។លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី០២ សីហានេះបានអំពាវនាវកុំឱ្យមានការរើសអើង រវាងអ្នកបានទៅបោះឆ្នោតនិងអ្នកមិនបានទៅបោះឆ្នោត។សម្រាប់លោកការរើសអើងនេះ អាចបង្កើតឱ្យមានជម្លោះនៅតាមភូមិឃុំ និងនៅតាមសហគមន៍នានា។
ជាការពិត ទម្លាប់លាបពណ៌ឱ្យខ្មែរគ្នាឯងគឺបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមខ្មែរជាយូរយាណាស់មកហើយ។វប្បធម៌លាបពណ៌នយោបាយធ្លាប់បានរុញច្រានកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល និងវិបត្តិនយោបាយម្ដងហើយម្ដងទៀត។ប៉ុន្តែជារឿងគួរឱ្យសោកស្ដាយ ដែលទម្លាប់ទាំងនេះនៅតែមិនទាន់ប្រែប្រួលនៅឡើយរហូតមកទល់បច្ចុប្បន្ន។
ហេតុអ្វីបានជា«វប្បធម៌លាបពណ៌គ្នានៅតែបន្តមាននៅកម្ពុជា»?
ចម្លើយអាចមកពី ការខ្វះព័ត៌មានពិតឬ ការផ្តល់ព័ត៌មានក្លែងក្លាយ។ ប្រសិនបើពលរដ្ឋទទួលបានព័ត៌មានក្លែងក្លាយ ធ្វើឱ្យការសម្រេចចិត្តរបស់គាត់ ខុស និងងាយជឿតាមការញុះញង់របស់អ្នកនយោបាយ ឬអ្នកមានអំណាចមួយចំមួយចំនួន។ ជាទូទៅវប្បធម៌លាបពណ៌គ្នា ភាគរយច្រើនបង្កឡើងដោយសារតែអ្នកនយោបាយ ដែលចង់បានអំណាច និង សំឡេងគាំទ្រ។ ដើម្បីទទួលបានការគាំទ្រ គេហ៊ានធ្វើគ្រប់បែបយ៉ាង ទោះទង្វើនោះរំលោភលើច្បាប់ក្តី ដោយមិនខ្វាយខ្វល់ពីផលប៉ះពាល់សង្គមឡើយ។
ប្រវត្តិសាស្ត្រពីខាងដើម បានបង្ហាញថាការផ្លាស់ប្ដូរពីរបបមួយទៅរបបមួយអ្នកនយោបាយតែងកេងចំណេញពីគ្នាផ្តួលរំលំគ្នា បំផ្លាញគ្នាទៅវិញមក តាមរយៈវប្បធម៌លាបពណ៌គ្នានេះ។ប៉ុន្តែភាពគ្រោះថ្នាក់ របស់ប្រទេសជាតិនិងវាសនាអនាគតរបស់យុវជនជារឿយៗពុំឃើញមានអ្នកទទួលខុសត្រូវនោះឡើយ ដូចសម័យខ្មែរក្រហមដែលមានស្រាប់។បញ្ហានេះកំពុងស្ថិតនៅជាជំងឺរ៉ាំរ៉ៃក្នុងសង្គមខ្មែរ និងកំពុងក្លាយជាជំងឺរបស់អ្នកនយោបាយ។
ដូច្នេះដើម្បីបញ្ចប់ការលាបពណ៌គ្នាឬចោទប្រកាន់គ្នាដោយខុសការពិត។អ្នកជំនាញធ្លាប់ផ្តល់ជាគំនិតថា ខ្មែរត្រូវតែពង្រឹងលើការសិក្សាស្រាវជ្រាវហើយត្រូវមានអ្នកជំនាញខាងស៊ើបអង្កេតច្បាស់លាស់ និង ឯករាជ្យពង្រឹងយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។ ចំណែកតុលាការត្រូវតែឯករាជ្យផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវគេចោទប្រកាន់ទើបអាចជៀសផុតពីគ្រោះថ្នាក់ពីការលាបពណ៌គ្នា។
ក្នុងយុគសម័យថ្មីនេះ វប្បធម៌លាបពណ៌គ្នា គួរត្រូវតែបញ្ចប់។អ្នកនយោបាយគួរតែបង្កើតវប្បធម៌ប្រកួតប្រជែងគ្នាដោយប្រើតែគោលនយោបាយបង្ហាញអ្នកបោះឆ្នោតឱ្យជ្រើសរើសជំនួសឱ្យការប្រើពាក្យសម្ដីលាបពណ៌ ឬល្បិចពិសពុលវាយប្រហារគ្នា។
រីឯពលរដ្ឋជាម្ចាស់ឆ្នោត ក៏គួរតែជួយកែប្រែអ្នកនយោបាយ តាមរយៈការបោះឆ្នោតឱ្យអ្នកនយោបាយណាដែលមានស្នាដៃនិងសីលធម៌ល្អជាគំរូជាជាងបោះឆ្នោតឱ្យអ្នកដែលពូកែតែប្រើល្បិច ប្រើពាក្យសម្ដីលាបពណ៌ ជេរប្រមាថដែលមិនផ្តល់ជាប្រយោជន៍សម្រាប់សង្គមជាតិ៕