គម្រោង​រោងចក្រ​កែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​មិនទាន់មាន​តម្រុយ​ថ្មី​

01-08-2018 6:27 pm 1348
  ស្តាប់
ស្តាប់ជាសំឡេង

បញ្ហា​កំណើន​សំរាម និង​ថង់​ផ្លាស្ទិ​ក​បានក្លាយជា​បញ្ហា​ប្រឈម​ដែល​មជ្ឈដ្ឋាន​ទូទៅ​រិះគន់ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ខ្វះ​ដំណោះស្រាយ ខណៈ​អាជ្ញាធរ​ក៏​បញ្ជាក់ថា មាន​កត្តា​រួមផ្សំ​ច្រើន​បូករួម​នឹង​កំរិតយល់ដឹង​របស់​ព​ល​រដ្ឋ​ផងដែរ​។ ហេតុនេះហើយ រោងចក្រ​កែច្នៃ​សំរាម​បាន​ក្លាយជា​ប្រធានបទ​ក្តៅ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​។ ឆ្លើយតប​នឹង​បញ្ហា​នេះ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា រោងចក្រ​កែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី​នៅតែ​មិនអាច​ដំណើរការបាន​ព្រោះ​មាន​ឧបសគ្គ​មួយចំនួន​។ 

​សំរាម​ជា​បញ្ហា​ដែល​ពិបាក​នឹង​ដោះស្រាយ ខណៈដែល​គម្រោង​កែច្នៃ​សំរាម​គ្រាក់ៗ​មិនទាន់​អាច​ដំណើរការបាន​នៅឡើយ​។ គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន​មួយ​មាន​គម្រោង​បោះទុន​វិនិយោគ​ក្នុង​ការកែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី ដែល​ត្រូវ​ចំណាយ​ថវិការ​ប្រមាណ ១២០​លាន​ដុល្លារ​អាមេរិក និង​ត្រូវការ​សំរាម​កែច្នៃ​ប្រមាណ​២០០០​តោន​ក្នុង​មួយថ្ងៃ​។ តែ​គម្រោង​នោះ​ក៏​ហាក់​ស្ងប់ស្ងាត់​ទៅវិញ ដែល​ធ្វើឲ្យ​ពលរដ្ឋ​មួយចំនួនចោទ​ជា​សំណួរ​ថាតើ​ក្រុមហ៊ុន​នោះបាន​បោះបង់​គម្រោង​នោះរឺ​យ៉ាងណា​?

​លោក​ហេង ណា​រ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​លើកឡើងថា​មិនមែន​មានតែ​ក្រុមហ៊ុន​ចិន​មួយ​ទេ​ដែល​ចរចា​រឿង​គម្រោង​វិនិយោគ​រោងចក្រ​កែច្នៃ​សំរាម​ឲ្យទៅជា​ថាមពលអគ្គិសនី​នៅ​កម្ពុជា​។ លោក​ថា​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ក៏បាន​ជជែក​វែកញែក​ពី​គម្រោង​នោះ​ដូចគ្នា ក៏ប៉ុន្តែ​មកទល់ពេលនេះ​មានតែ​ការសិក្សា​ប៉ុណ្ណោះ ចំពោះ​ការអនុវត្ត​វិញ​នៅ​មិនទាន់មាន​នៅឡើយ ពីព្រោះ​តែ​ការពិភាក្សា​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​...

​សំឡេង​លោក​ហេង ណា​រ៉េត​៖

យ៉ាងណាក៏ដោយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​រូបនេះ បាន​ទទូច​ឲ្យ​ពលរ​ដ្ឋពិចារណា មុននឹង​ប្រើប្រាស់​ថង់​ប្លា​ស្ទិច ជាពិសេស​អ្នកលក់ដូរ និង​អ្នកទិញ​ម្ហូបអាហារ បន្លែ ត្រី​សាច់​ជាដើម គួរ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​ឲ្យបាន​ច្រើន​តាមដែ​លអាច​ធ្វើបាន​។ កាត់បន្ថយ​ព្រោះ​លោក​ថា ច្បាប់​មាន​ប្រសិទ្ធភាព​ល្អ អាស្រ័យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ លុះត្រា​ពលរដ្ឋ​យល់​ពី​ផលវិបាក​នៃ​ការប្រើប្រាស់​ផ្លា​ស្ទិក​ជាមុនសិន ទើប​កម្ពុជា​អាច ឈានទៅ​សម្រេច​ទិសដៅ​កាត់បន្ថយ​ការប្រើ​ផ្លា​ស្ទិក​ត្រឹម​កម្រិតអ​ប្បរមានា​ពេលអនាគត​។​

​គួរ​បញ្ជាក់ថា​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយថ្ងៃៗ មាន​សំរាម​ប្រមាណ​ជិត​២​ពាន់​តោន ត្រូវបាន​ចាក់​ស្រោច​នៅតាម​ទីតាំង​ចាក់សំរាម​ផ្សេងៗ ដែល​បរិមាណ​នៃ​សំរាម​នេះ​បាន​ក្លាយជា​ក្តីកង្វល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ សំរាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​អាច​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន បញ្ហា​កង្វក់​បរិស្ថាន ការបំភាយ​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ដែល​ប៉ះពាល់​ផ្ទាល់​ដល់​ការប្រែប្រួល​អាកាសធាតុ និង​ការកើនឡើង​កម្តៅ​ផែនដី​ជាដើម​៕​

ដោយ​៖​ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត