ថៃ​ស្នើ​​អង់គ្លេស​​ធ្វើ​បត្យាប័ន​​អតីត​​នាយករដ្ឋមន្ដ្រី​​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​

01-08-2018 10:25 am 1631
  ស្តាប់
រូបភាពអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​កាលពី​ថ្ងៃទី​៣១​កក្កដា​ថា លោក​បាន​ស្នើឲ្យ​អង់គ្លេស​ធ្វើ​បត្យាប័ន​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ត្រឡប់មក​ប្រទេស​ថៃ​វិញ​។ លោក​ប្រា​យុទ្ធ​ថា​នេះ​គឺជា​នីតិវិធី​ចាំបាច់​រវាង​ប្រទេស​ទាំងពីរ ដែលមាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយគ្នា ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩១១​។ លោក​សង្កត់ធ្ងន់ថា អាជ្ញាធរ​ថៃ​មិនអាច​ទៅ​ចាប់ខ្លួន​អ្នកស្រី​យី​ង​ឡាក់​ដល់​អង់គ្លេស​បានទេ ដូច្នេះ​អាស្រ័យ​លើ​ប្រទេស​នេះ​ជា​អ្នក​បញ្ជូន​អ្នកស្រី​មក​ថៃ​វិញ ឲ្យទទួល​ទោស​តាមច្បាប់​។​

​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤ ហើយ​អ្នកស្រី​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ​ដាក់ពន្ធនាគារ​៥​ឆ្នាំ​កាលពី​ខែកញ្ញា​ឆ្នាំមុន ជុំវិញ​ការចោទប្រកាន់ថា​ធ្វេសប្រហែស​នឹង​ការងារ ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​រាប់ពាន់លាន​ដុល្លារ​។ ប៉ុន្ដែ​អ្នកស្រី​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​ថា​ការកាត់ទោស​អ្នកស្រី​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ​។ អ្នកស្រី​បាន​ចាកចេញ​ពី​ប្រទេស​ថៃ កាលពី​ខែសីហា​ឆ្នាំមុន​គេច​ពី​ការចាប់ខ្លួន​។ តាម​វីដេអូ​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ី​ស្ដា​ក្រាម​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ឃើញ​អ្នកស្រី​យី​ង​ឡាក់​កំពុង​រស់នៅ​Covent Garden ក្នុង​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។​

​គួរ​ជម្រាបជូន​ថា អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​និង​បងប្រុស​ថាក់ស៊ីន ស៊ីណាវ៉ាត្រា សុទ្ធតែ​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​ដូចគ្នា​។ លោក​ថាក់ស៊ីន​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី​កាលពី​ឆ្នាំ​២០០៦ ក្រោយ​មាន​ការតវ៉ា​ប្រឆាំង​និង​ចោទថា​លោក​បាន​ប្រព្រឹត្ដ​អំពើពុករលួយ រំលោភ​អំណាច​និង​មាន​និន្នាការ​ស្វ័យភាព​។ លោក​ថាក់ស៊ីន​ក្រោយ​ទម្លាក់​ចេញពី​តំណែង ត្រូវបាន​ហាមឃាត់​មិន​ឲ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ហើយ​ត្រូវបាន​និរទេស​ទៅ​ក្រៅ​រហូតដល់​បច្ចុប្បន្ន​។​

​ទាំង​លោក​ថាក់ស៊ីន​និង​អ្នកស្រី​យី​ង​ឡាក់ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​ធ្វើជា​នាយ​ក​រដ្ឋមន្ដ្រី​។ ការគាំទ្រ​ដោយសារតែ​អ្នក​ទាំងពីរ​បាន​យកចិត្ដទុកដាក់ និង​ជួយ​ជ្រោមជ្រែង​ប្រជាជន​នៅតាម​តំបន់​ជនបទ កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​គម្រោង​ទិញស្រូវ​អង្ករ​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់ជាង​ទីផ្សារ​។ ទោះបី​ត្រូវ​រង​ការចោទប្រកាន់​ជាច្រើន​ករណី ប៉ុន្ដែ​ទាំង​លោក​ថាក់ស៊ីន​និង​អ្នកស្រី​យី​ង​ឡាក់​ពេលនេះ នៅតែមាន​ប្រជាប្រិយភាព​និង​មាន​ប្រជាជន​គាំទ្រ​ដដែល​៕

ព័ត៌មានផ្សេងទៀត