GDPថា ពុំអាចសន្និដ្ឋានពីលទ្ធផលបោះឆ្នោតថាត្រឹមត្រូវឬយ៉ាងណា

31-07-2018 2:25 pm 9409
(ពីឆ្វេងមកស្តាំ) លោក សាម អ៊ីន, លោក យ៉ង សាំងកុមារ និងលោកយ៉េង វីរៈ ។ រូបថតពី fb គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានអះអាងថា ខ្លួនពុំអាចធ្វើការសន្និដ្ឋានបានលើស្ថិតិនៃអ្នកទៅបោះឆ្នោតដែលមានចំនួន ៨២,៨៩% និងលទ្ធផលនៃការបោះឆ្នោតនេះ ថាត្រឹមត្រូវទាំងស្រុង ឬយ៉ាងណា ។ ការប្រកាសនេះធ្វើឡើង ដោយសំអាងថា គណបក្សមិនអាចដាក់ភ្នាក់ងារសង្កេតការណ៍គ្រប់គ្រាន់ ហើយពុំមានអ្នកសង្កេតការណ៍ពីអង្គការសង្គមស៊ីវិលដែលអាចជឿជាក់បាន ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចុះថ្ងៃទី៣១ ខែកក្កដា ។

ជាងនេះទៅទៀត គណបក្សនេះលើកឡើងថា ខ្លួនបានដឹងជាមុនទៅហើយថា ការបោះឆ្នោតនីតិកាលទី៦នេះ មិនបានគោរពតាមនិយាមសេរី និងយុត្តិធម៌ទាំងស្រុងទេ ដោយសារតែមានការរំលាយអតីតគណបក្សសង្រ្គោះជាតិ ការគំរាមកំហែងដល់អង្គការសង្គមស៊ីវិល ការកំហិតសិទ្ធិសេរីភាពសារព័ត៌មាន ការបំភិតបំភ័យ ការទិញសន្លឹកឆ្នោត និងការប្រើប្រាស់រចនាសម្ព័ន្ធរដ្ឋ ធ្វើយុទ្ធនាការមុខរដូវឃោសនា ។

យ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋានអះអាងថា បានសម្រេចចិត្តចូលរួមការបោះឆ្នោត ក៏ព្រោះចង់បណ្តុះ និងសាបព្រោះវប្បធម៌នយោបាយថ្មី និងផ្តល់ឱកាសថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរ ៕

ព័ត៌មានផ្សេងទៀត