អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​៖ ការបោះឆ្នោត​នៅ​កម្ពុជា​ប្រកបទៅដោយ​សេរី​យុត្តិធម៌​

31-07-2018 11:40 am 1591
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកសង្កេតការណ៍​ជាតិ​១.០៣៦​នាក់​មក​ពី​ស្ថាប័ន​ចំនួន​៩៣ និង​អ្នកសង្កេតការណ៍​អន្តរជាតិ ប្រមាណ​២២០​នាក់ មកពី​៥២​ប្រទេស ដែល​បាន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត តាមរយៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​សន្និដ្ឋាន​ពី ដំណើរការ​បោះឆ្នោត​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ថា បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ។​

​សេចក្តីប្រកាស​ដដែល​បញ្ជាក់ថា អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​សម្តែង​ការ​យល់​ឃើញ​ថា ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព និង​ការអភិវឌ្ឍ ។ ក្នុងនោះ​លទ្ធផល​នៃ​ការបោះឆ្នោត គឺ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ដ៏​ពិតប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា ដែល​មាន​ជំនឿ​លើ​ប្រព័ន្ធ​នយោបាយ​ពហុបក្ស ។ ជាមួយគ្នានេះ អត្រា​អ្នក​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន ៨២,៨៩ ភាគរយ ដែល​ជា​អត្រា​មួយ​ខ្ពស់​ជាង​ឆ្នាំ​២០១៣ មាន​ត្រឹមតែ​៦៩,១០ ភាគរយ​ប៉ុណ្ណោះ ហើយ​តួលេខ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម និង​ការគាំទ្រ ចំពោះ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។​

​យ៉ាងណាក៏ដោយ ក្នុង​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ គណបក្សនយោបាយ​មួយចំនួន​បាន​សាទរ និង​ទទួលស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ខណៈ​ប្រទេស​លោក​សេរី​មួយចំនួន ដូច​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និង​សហភាព​អឺរ៉ុប បាន​លើកឡើង​ថា ការបោះឆ្នោត​នៅ​អាណត្តិ​នេះ មិន​ប្រកបដោយ​សេរី មិន​ត្រឹមត្រូវ និង​ថា​បរិយាកាស​នយោបាយ​មានការ​រឹតត្បិត​យ៉ាងខ្លាំង ។​

​គូសបញ្ជាក់ថា លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា បានបញ្ជាក់​ថា ការចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ពី​សំណាក់​អ្នក​សង្កេតការណ៍​អន្តរជាតិ គឺ​ធ្វើឡើង​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត បើ​ទោះបីជា​ពួកគេ​ត្រូវបាន​អញ្ជើញ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​ក៏ដោយ ។ លោក​បញ្ជាក់ថា ពុំ​មាន​ការ​ទិញ​ទឹកចិត្ត ឬ​បង្ខិតបង្ខំ​ណាមួយ​ដែលនាំឱ្យ​មាន​ភាពលម្អៀង​ក្នុង​ការវាយតម្លៃ ឬ​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ការបោះឆ្នោត​នៅ​កម្ពុជា​ទេ ៕


ព័ត៌មានផ្សេងទៀត