ចាប់តាំងពីបើកទ្វាការិយាល័យបោះឆ្នោតពីម៉ោង៧ព្រឹក មកទល់នឹងម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ការិយាល័យបោះឆ្នោតទូទាំងប្រទេសត្រូវបានបិទបញ្ចប់ការបោះឆ្នោតជាស្ថាពរហើយ។ ក្រោយបញ្ចប់ការបោះឆ្នោតនេះ គ.ជ.ប ក៏កំពុងរាប់សន្លឹកឆ្នោតបណ្ដើរៗហើយដែរ។
ការបោះឆ្នោតនេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង៤៖០០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការJICA និងជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕