រដ្ឋសភាខកចិត្តចំពោះសភាអាមេរិកដែលបានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨

27-07-2018 11:07 am 3209
  ស្តាប់
ស្តាប់ជាសំឡេង

រដ្ឋសភា នៃកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដែលសភាតំណាងរាស្រ្តអាមេរិកបានអនុម័ត«ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨» កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភាជាតិ ចុះថ្ងៃទី២៧ ខែកក្កដានេះ ។

សេចក្តីថ្លែងការណ៍របស់រដ្ឋសភានេះធ្វើឡើងបន្ទាប់ពី គណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ កក្កដា ដោយបញ្ជាក់ថាសភា អាមេរិកបានអនុម័តច្បាប់ « ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០១៨» ដើម្បីជំរុញការបោះ ឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងសេរីភាព ផ្នែកនយោបាយ និងសិទ្ធិមនុស្ស ដោយសម្រេចដាក់ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ១៦ រូបផ្សេងទៀត ។

សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងបន្ថែមថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨»នេះ សបញ្ជាក់ពីទង្វើនៃការបំពាន ដោយស្តង់ដា អ្នកធំមិនចេះខុស ដែលទង្វើនេះស្មើនឹងការប្រកាសនូវអរិយភាពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នៃប្រទេសមួយ ដែលមិនអាចសះជាបាន ។

រដ្ឋសភាបញ្ជាក់ថា ច្បាប់ដែលបានអនុម័តដោយសភាតំណាងរាស្រ្តអាមេរិកនេះ គឺជាគ្រោងការមួយទៀត ដែលបានរៀបចំទុកជាមុនរបស់សភាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីវាយប្រហារជាប្រព័ន្ធ ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងពីការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។មួយវិញទៀតការវាយប្រហារនេះ មានគោលដៅដាក់ទណ្ឌកម្មចំពោះរដ្ឋឯករាជ្យ ដែលមានឥរិយាបថមិនគោរពតាមការបញ្ជារបស់ពួកគេ ហើយបំផ្លាញនូវភាពជឿជាក់លើការបោះឆ្នោតជាសាកលនៅកម្ពុជា ។

តាមសេចក្តីថ្លែងការណ៍ ច្បាប់នេះបានបដិសេធទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដៃគូទ្វេភាគី ដែលឈរលើមូលដ្ឋានគ្រឹះនៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការមិនជ្រៀតជ្រែកគ្នា។លើសពីនេះទៀតខ្លឹមសារនៃច្បាប់នេះមានចរិតរំខាន នៅពេលដែលរដ្ឋអធិបតេយ្យមួយ បានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់រដ្ឋមួយទៀត ។

រដ្ឋសភានៃកម្ពុជា ក៏បានបញ្ជាក់សារជាថ្មី ពីជំហរមិនងាករេចំពោះការប្តេជ្ញាចិត្តបន្តដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ ហើយកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ប្រកបដោយសេរី តម្លាភាព សណ្តាប់ធ្នាប់ និងសន្តិភាព ៕ 

 

ព័ត៌មានផ្សេងទៀត