លោក​​ផៃ ស៊ី​ផាន​​ចំអក​​ទូត​​អាមេរិក​​រឿង​​ឱ្យ​​ពល​រដ្ឋ​​ខ្លួន​​ប្រុង​ប្រយ័ត្ន​​ពី​​សុវត្ថិ​ភាព​​ក្នុង​​ថ្ងៃ​​បោះ​ឆ្នោត​​

25-07-2018 2:51 pm 1919
  ស្តាប់
ស្តាប់ជាសំឡេង

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​ចំអក​ឱ្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា រឿង​ដែល​ស្ថានទូត​នេះ ចេញ​សេចក្ដីជូនដំណឹង ដល់​ពលរដ្ឋ​របស់ខ្លួន ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព និង​សន្តិសុខ​របស់ខ្លួន ក្នុងអំឡុងពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ (​សេង បារាំង​)

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ធ្វើ​ការណែនាំ​ព្រមាន​ដល់​ប្រជា​ពល​ដ្ឋ​អាមេរិកាំង ដែល​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា អោយធ្វើ​ការប្រុងប្រយ័ត្ន​ក្នុងស្ថានភាព​ខ្ពស់ និង​ជៀសវាង​មាន​វត្តមាន​នៅក្បែរ ទីប្រជុំ​ដែលមាន​វ៉ូង​មនុស្ស​ច្រើន ក្នុង​កិច្ច​ថែរក្សា​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​អាមេរិកាំង​នោះ គឺជា​វិធាន​ធម្មតា​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ប៉ុណ្ណោះ​។​

​លោក​ផៃ ស៊ី​ផាន បាន​អះអាងថា  ការប្រកាស​ព័ត៌មាន​នៃ​ការណែនាំ​អោយ​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​សហរដ្ឋអាមេរិក គ្រាន់តែ​កិច្ចការពារ​ជាមុន​ប៉ុណ្ណោះ ពុំមែន​ឆ្លើយតប​នឹង​ភាពជាក់ស្តែង​នោះឡើយ​។ លោក យល់ឃើញថា ការប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពុំមាន​ឥទ្ធិពល ឬ​ឧបសគ្គ​ណាមួយ​ប្រឆាំង ឬ​បំផ្លាញ​ដំណើរការ​បោះឆ្នោត​សកល​របស់​កម្ពុជា ដែល​ធ្វើឡើង មួយថ្ងៃ​គត់ គឺ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤​កក្កដា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ការជូនដំណឹង នៅលើ​ទំព័រ​ហ្វេ​សប៊ុក និង​គេហទំព័រ​របស់ខ្លួន ប្រាប់​ដល់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា អោយមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព និង​សន្តិសុខ​របស់ខ្លួន ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ការ​ដាស់តឿន​ដល់​ពលរដ្ឋ​អាមេរិក​ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព និង​សន្តិសុខ​របស់ខ្លួន​យ៉ាង​ដូច្នេះ ត្រូវបាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បញ្ជាក់ថា ការបោះឆ្នោតជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ អាចមាន​ការជួប​ប្រមូលផ្តុំ​ផ្នែក​ន​យាយ​បាយ ការប្រឆាំង​តវ៉ា ឬ​ការ​ចល័ត​កម្លាំង​សន្តិសុខ​ជាដើម​៕

ព័ត៌មានផ្សេងទៀត