អាជ្ញាធរ​ពង្រឹង​លើ​ការត្រួតពិនិត្យ​គ្រឿងផ្ទុះ ខណៈ​ថ្ងៃ​បោះឆ្នោត​ជិត​មក​ដល់​

24-07-2018 5:21 pm 717
  ស្តាប់
ស្តាប់ជាសំឡេង

​ស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្តីណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្តា​រាជធានី​-​ខេត្ត ត្រូវ រឹតបន្តឹង និង​ពង្រឹង​បន្ថែម​លើ​ការត្រួតពិនិត្យ និង​គ្រប់គ្រង​រំ​សេវ គ្រឿង​ផ្ទុះ នៅតាម​បណ្តា​ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ការចេញ​នូវ​សេចក្តីណែនាំ​នេះ ដើម្បី​បង្ការ​ទប់ស្កាត់​រំសេវ​គ្រឿងផ្ទុះ​ទាំងនោះ កុំអោយ​ធ្លាក់​ក្នុង​ដៃ​ជន​ទុច្ចរិក ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​បទល្មើស ឬ​ភេរវកម្ម​ផ្សេង បង្ក​ហា​នី​ភ័យ​គ្រោះថ្នាក់ បង្ក​សំលេង​ផ្ទុះ បង្កើត​ឱ្យមាន​ភាពចលាចល ពិសេស​មុន និង​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​អគ្គស្ន​ង​ការ​ស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា នេះ​។​

​សេចក្តីណែនាំ​ដដែល បានបញ្ជាក់​ថា រាល់​នាយកដ្ឋាន​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវអនុវត្ត ដូចតទៅ​៖

១, បង្កើន​ផ្សព្វផ្សាយ​ឱ្យបាន​ទូលាយ​ដល់​ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋាន​អាជីវកម្ម អំពី​ច្បាប់ និង​បទដ្ឋាន​ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង​រំសេវ គ្រឿងផ្ទុះ​ឱ្យបាន​ហ្មត់ចត់ និង​សុវត្ថិភាព​។​

២,​ពង្រឹង​ការត្រួតពិនិត្យ​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់រំសេវ នៅតាម​ដងផ្លូវ តាម​ទីសាធារណៈ គោលដៅ​សំខាន់ៗ និង​វិធានការ​ត្រួតពិនិត្យ ទប់ស្កាត់ បង្គ្រាប​រាល់​ការលួចលាក់​នាំចូល ឬ​លួច​ដឹកជញ្ជូន​ឆ្លងកាត់​តាម​ព្រំដែន​។​

៣,​ចាត់​បញ្ជូន​មន្ត្រីនគរបាល​ជំនាញ ឬ​នគរបាល​មូលដ្ឋាន​ដើម្បី​ការពារ​ទីតាំង និង​ចុះបញ្ជី​គ្រប់គ្រង ត្រួតពិនិត្យ​ការបញ្ចូល ការបញ្ចេញ ការ​រក្សាទុក ការ​បំផ្ទុះ ពិសេស​ការគ្រប់គ្រង​ឃ្លាំង​រក្សាទុក និង​ប្រមូល​រំសេវ​គ្រឿងផ្ទុះ​ដែល​សល់​ពី​ការប្រើប្រាស់​យក​មក​រក្សា​ទុក​អោយ​បាន​ត្រឹមត្រូវ​។​

៤,​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋាន​អាជីវកម្ម​នានា ឱ្យ​ផ្អាក​បណ្តោះអាសន្ន ការដឹកជញ្ជូន ការប្រើប្រាស់​រំសេវ គ្រឿង​ផ្ទុះ ដោយ​ហាម​ដាច់ខាត​មិន​ឱ្យ​ដំណើរការ​រយៈពេល​១ សប្តាហ៍ មុន និង​ក្រោយ​ថ្ងៃ​ការបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។​

៥,​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ ត្រូវ​តាមដាន​ត្រួតពិនិត្យ​ការចាត់តាំង​អនុវត្ត​ខាងលើនេះ ព្រមទាំង​បញ្ជូន​នាយ​នគរបាល និង​មន្ត្រី​ជំនាញ​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ដើម្បី​ពិនិត្យ​លើ​គោលដៅ​ដែល​បាន​កំណត់​ថា​មាន​ភាពស្មុកស្មាញ និង​ចាត់​វិធានការ​ជំនាញ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​។​

​គួរ​បញ្ជាក់​ដែរ បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពីពេល​កន្លង​ទៅ បានបញ្ជាក់​ថា កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​៨​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ក្នុង​អំឡុង​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត