រដ្ឋាភិបាល​ប្ដេជ្ញា​បន្ត​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

24-07-2018 1:20 pm 893
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​បន្តសកម្មភាព​មនុស្សធម៌​តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សាសន្តិភាព​របស់អ​ង្គ​ការ​សហប្រជាជាតិប​ន្ត​ទៀត​។ ក្នុងនោះ​រដ្ឋាភិបាល​បាន​ជំរុញ​បង្កើន​ការបញ្ជ្រាប​ការប្រើប្រាស់​កម្លាំង​ជា​ស្ត្រី “​យេនឌ័រ​” នៅ​គ្រប់ផ្នែក​ក្នុង​តំបន់​បេសកកម្ម ដោយ​ដើរតួនាទី​ជា​នគរបាល យោធា អ្នក​ស៊ើបអង្កេត សង្កេតការណ៍​យោធា នាយសេនាធិការ និង​ជា​មេបញ្ជាការ​បេសកកម្ម​ជាដើម​។​

​ការលើកឡើង​ពី​ការប្ដេជ្ញាចិត្ត​ស្ដីពី​ការចូលរួមចំណែក ក្នុង​បេសកកម្ម​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ របស់​ប្រមុខ​ការពារជាតិ​កម្ពុជា​នេះ គឺ​នៅក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៨៩ ចំនួន ១៦៥​នាក់ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១២៣ ចំនួន ១៤៤​នាក់ ដែល​បានបញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី និង​កងរាជអាវុធហត្ថ​លេខ​៦១៩ ចំនួន ៧៣​នាក់ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង កាលពី​ថ្ងៃទី​២៣ ខែកក្កដា​។​

​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក Alexandre Huynh បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​បេសកកម្ម​កម្ពុជា​ទាំង​អស់ ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងនោះ​មាន​យោធិន​នារីក្លាហាន​កម្ពុជា ក្នុងចំណោម​បុគ្គលិក​រក្សា​សន្តិភាព បាន​វិលត្រឡប់​មកពី​បំពេញបេសកកម្ម​ប្រកបដោយ​សុវត្ថិភាព​។ លោក​ថា កម្ពុជា​នៅតែ​បង្ហាញ​នូវ​ការតាំង​ចិត្ត​របស់ខ្លួន ក្នុងការ​បន្តសកម្មភាព​មនុស្សធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​បន្តទៀត ដើម្បី​សន្តិភាព និង​សន្តិសុខ​នៅលើ​ពិភពលោក​។​

សូម​បញ្ជាក់ដែរថា ក្នុង​រយៈពេល​១២​ឆ្នាំ គិត​ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ជិត​៥,០០០​នាក់ ទៅកាន់​ប្រទេស​មួយចំនួន​លើ​ពិភពលោក ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។ ប្រទេស​ទាំងនោះ​មានដូចជា ស៊ូដង់ ស៊ូដង់​ខា​ត្បូង លី​បង់ អាហ្វ្រិក​កណ្ដាល ស៊ី​រី សាយ​ប្រឹស ម៉ាលី និង​ប្រទេស​ឆាត​៕

 ពាក្យគន្លឹះ  ទ័ពមួកខៀវ

ព័ត៌មានផ្សេងទៀត