គ​.​ជ​.​ប នឹង​ប្តឹង​សង្គម​ស៊ីវិល​ណា​ហ៊ាន​អត្ថាធិប្បាយ ទាំង​គ្មាន​ឈ្មោះ​ជា​អ្នកសង្កេតការណ៍​

24-07-2018 11:52 am 834
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​បាំង​តែ​៥​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ការបោះឆ្នោតជាតិ អាណត្តិ​ទី​៦ នឹង​ចូលមក​ដល់​។ ស្របពេល​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ប្រកាស​ជា​ថ្មី ពី​ការចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ណា ដែល​ចេញ​សេចក្តីថ្លែងការណ៍ និង​អត្ថាធិប្បាយ ជុំវិញ​លទ្ធផល​នៃ​ការបោះឆ្នោត ខណៈ​ដែល​សង្គម​ស៊ីវិល​ទាំងនោះ មិន​បាន​ចុះឈ្មោះ​ជា​អ្នក​សង្កេតការណ៍​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​. បញ្ជាក់ថា ការ​មិន​ចូលរួម​សង្កេតការណ៍ នឹង​មិន​អាច​ទទួលបាន​ព័ត៌មាន​នោះទេ​។ ដូច្នេះ​ការអត្ថាធិប្បាយ​ណាមួយ ដោយ​មិន​មាន​ព័ត៌មាន​ច្បាស់លាស់ អាច​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​។​

​បើ​តាម​សេចក្តីណែនាំ របស់​គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា​នេះ បានបញ្ជាក់​ថា «​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិន​បាន​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ គ​.​ជ​.​ប​. មិន​អាច​ធ្វើ​សកម្មភាព​បំពេញការងារ និង​ចេញ​សេចក្តីថ្លែងការណ៍​នានា ដែល​អាច​សន្និដ្ឋានបាន​ថា ជា​ការវាយតម្លៃ​លើ​ការបោះឆ្នោត​បាន​ឡើយ​»​។​

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​VOA លោក កន សា​វាង្ស មន្ត្រី​អង្គការ​ខុមហ្វ្រែល បានបញ្ជាក់​ថា អង្គការ​របស់​លោក នឹង​មិន​ចូលរួម​សង្កេតការណ៍ ឬ​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ​។ ប៉ុន្តែ​លោក​ថា សម្រាប់​បញ្ហា​ផ្សេងៗ​ជុំវិញ​សិទ្ធិ និង​ការរំលោភ​សិទ្ធិមនុស្ស ក្នុងពេល​បោះឆ្នោត លោក​នៅតែ​បន្ត​ធ្វើ​អត្ថាធិប្បាយ​ជាធម្មតា ដែល​លោក​ថា នេះ​មិនមែន​ជា​សកម្មភាព​ខុស​ច្បាប់ណាមួយ​នោះ​ទេ​។​

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ គ​.​ជ​.​ប​. បាន​ចេញ​សេចក្តីប្រកាស ដោយ​បញ្ជាក់​ថា ខ្លួន​បាន​សម្រេច​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ​នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជា​ជិត​៨​ម៉ឺន​នាក់ មកពី​១០៧​ស្ថាប័ន ចូលរួម​សង្កេតការណ៍ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ​៕ 


ព័ត៌មានផ្សេងទៀត