ជួសជុល​បន្ទាន់​កំណាត់​ផ្លូវជាតិ​លេខ​៣​និង​លេខ​៤១​ក្រោយ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

23-07-2018 2:39 pm 688
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ នៅ​ថ្ងៃ​ទី​២២ កក្កដា បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ និង​បើក​ការដ្ឋាន​ជួសជុល​បន្ទាន់ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៣ និង​ផ្លូវ​លេខ​៤១ ក្នុង​ខេត្ត​កំពត និង​ខេត្ត​ជាប់​ដងផ្លូវ​។ ការជួសជុល​នេះ ដើម្បី​បំពេញ​តម្រូវការ សម្រួល​ដល់​ការធ្វើដំណើរ ដឹកជញ្ជូន​ផលិតផល របស់​ពលរដ្ឋ​ទៅ​កាន់​ទីផ្សារ និង​ជា​ជំនួយ​ក្នុងការ​លើ​កម្ពស់​ជីវភាព​រស់ នៅ​ដល់​ពលរដ្ឋ​ផងដែរ​។​

​រដ្ឋ​មន្ត្រី​រូប​នេះ បាន​បន្ថែមទៀតថា ផ្លូវជាតិ​លេខ​៣ ទទួលរង​ការខូចខាត​ប្រមាណ​១៥​គម ចាប់ពី​ចំណុច​គីឡូម៉ែត្រ​លេខ ១៣០ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​១៤៥​។​ចំណែក កំណាត់​ផ្លូវជាតិ​លេខ​៤ ទទួលរង​ការខូចខាត ប្រវែង​សរុប​ប្រមាណ​២២​គីឡូម៉ែត្រ ចាប់ពី​ចំណុច គីឡូម៉ែត្រ​លេខ​៧៣ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៩៥ ដែល​នឹង​ជួសជុល​បន្ទាប់​ពី​ផ្លូវជាតិ​លេខ​៣​រួចរាល់ ។​

​សូម​បញ្ជាក់​ដែរ​ថា កំណាត់​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ នឹង​ត្រូវ​ជួសជុល​ដោយ​ឈូសឆាយ បង្ហាប់ និង​ក្រាល​ថ្ម​មិច ដែល​អនុវត្ត ដោយ​ក្រុមហ៊ុន​CRBC (​ក្រុមហ៊ុន​ចិន​) ដោយឡែក​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​កំពត​ទៅ​វាលរិញ ក៏​ត្រូវ​ឈូសឆាយ ក្រោម​ថវិកា​របស់​ធនាគា​ពិភពលោក​ផង​ដែរ​។​

​លើសពីនេះទៅទៀត ផ្លូវ​ទាំង​ពីរ​នេះ​គ្រោង​នឹង​លើកកម្ពស់​គុណភាព ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ​AC ទាំងស្រុង នាពេលខាងមុខ សំដៅ​រក្សា​បាន​ភាព​យូរអង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន និង​ចូលរួម​ចំណែក​ក្នុង​ការសម្រួល​ដល់ ការធ្វើដំណើរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការដឹកជញ្ជូន​កាន់តែ​ល្អ​មួយកម្រិត​ទៀត​។

​​លោក​រដ្ឋមន្ត្រី ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​ពលរដ្ឋ​ទាំង​អស់ ចូលរួម​គោរព​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​នានា និង​កុំ​ផ្ទុកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​បណ្ដាល​ឱ្យ​ផ្លូវ​ឆាប់​ខូច​៕

ព័ត៌មានផ្សេងទៀត